ភាពរលូននៃការចរចាផ្នែកសុវត្ថិភាពព័ត៌មានវិទ្យាចិន-អាមេរិក
បន្ទាប់ពីបានឆ្លងកាត់ការពិភាក្សា ទ្វេភាគី អស់ពេលពីរថ្ងៃ សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាធ្វើសហប្រតិបត្តិការ យ៉ាងស្អិតល្មួត ដើម្បីប្រយោជន៍នៃសុវត្ថិភាពព័ត៌មានវិទ្យា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មីស៊ីនហួ។ ការជួបជជែកគ្នារវាងមន្រ្តីចិន និងអាមេរិក ជុំវិញបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត បានទទួលលទ្ធផលគួរជាទីពេញចិត្ត។
សុវត្ថិភាព ព័ត៌មានវិទ្យា គឺជាប្រធានបទដ៏ចម្បង នៃកិច្ចពិភាក្សាយុទ្ធសាស្ត្ររវាងមហាយក្សអាមេរិក និងចិន ដែលតែងចោទប្រកាន់គ្នាទៅវិញទៅមកថាលួចវាយប្រហារតាមប្រព័ន្ធ អ៊ីនធ័រនែត។
បើតាមប្រភពព័ត៌មានផ្លូវការចិន ការជួបពិភាក្សាគ្នាពីរថ្ងៃ (ចន្ទនិងអង្គារ)កន្លងមកនេះ ប្រព្រឹត្តទៅដោយឈរលើមូលដ្ឋានត្រង់ទៅ ត្រង់មក និងបានលើកឡើងអំពីចេតនាចង់បង្កើតឱ្យមានស្ថាប័នមួយអនុញ្ញាតឱ្យ ភាគីទាំងពីរធ្វើជាក្រុម មានយន្តការគោរពបទដ្ឋានសុវត្ថិភាពព័ត៌មានកំរិតអន្តរជាតិ ព្រមទាំងវិធានការសម្រួលឱ្យមានការចរចានិងសហប្រត្តិបត្តិការគ្នា ក្នុងវិស័យនេះទៀតផង។
ជំនួបលើកនេះមានការជឿនលឿនច្រើន។ នេះបើតាមប្រភពព័ត៌មានដដែល។ ការបង្ហើបទម្លាយព័ត៌មានរបស់ Edward Snowden អតីតភ្នាក់ងារយកការណ៍សម្ងាត់ជាតិអាមេរិក បានក្លាយជាភស្តុតាងសំខាន់មួយសម្រាប់ចិន ក្នុងការបន្ទោសអាមេរិកចំពោះសកម្មភាពរំលោភកម្មសិទ្ធិបញ្ញា ស៊ើបការណ៍រំលោភជីវិតឯកជនរបស់បណ្តាជនទូទៅ។
សូមបញ្ជាក់ថា សំណុំរឿងសុវត្ថិភាពព័ត៌មានវិទ្យានេះ បានក្លាយជាប្រធានបទនៅរាល់ជំនួបទ្វេភាគីចិនអាមេរិក រាប់ទាំងជំនួបរវាងប្រធានាធិបតីទាំងពីរ បារ៉ាក់អូបាម៉ា – ស៊ីជិនពីង កាលពីខែមិថុនា។ អាមេរិកបង្ខំឱ្យចិនឈប់ធ្វើសកម្មភាពវាយប្រហារតាមអ៊ីនធ័រនែត តែប៉េកាំងអះអាងថាចិនជាអ្នករងគ្រោះដែរ។ បើតាមChina Daily ការវាយប្រហារតាមអ៊ីនធ័រនែតមកលើចិន មួយភាគបីមានប្រភពមកពីអាមេរិក៕ដោយ អៀង សុខម៉ិញ (RFI)