ស្ថានភាពអ្នកកាសែត​កម្ពុជាប្រសើរតែនៅ​ តែទទួលការ​គំរាមកំហែង

​របាយការណ៍​ពី​ស្ថានភាព​អ្នកកាសែត​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សាព័ត៌​មាន​​ពិភពលោក ថ្ងៃ​៣​ ឧសភា ២០១២ បាន​បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​៣​ឧសភា ​​២០១១ មកដល់​ថ្ងៃ​៣ ​ឧសភា ២០១២ មាន​អ្នកកាសែត​កម្ពុជា ៧ នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ឆ្នាំមុនមាន ១០ នាក់​។ ដោយឡែកបណ្តឹង​ប្រឆាំង​អ្នកកាសែតនៅ​កម្ពុជា មាន​ចំនួន ៩ ករណី កាលពី​ឆ្នាំ​២០១០ តែ​នៅ​ឆ្នាំ​២០១១ បាន​ថយចុះ មក​នៅត្រឹម ៤ ករណី​។

ការប្តឹងផ្តល់នោះ ចោទប្រកាន់ពីបទផ្សាយព័ត៌មាន​មិន​ពិត និងបទបរិហារកេរ្តិ៍ តាម​រយៈ​ការ​ចុះ​ផ្សាយ​អត្ថបទព័ត៌មាន។ អ្នកកាសែត ដែលរងការប្តឹង​ផ្តល់ ស្ថិតនៅក្នុងកាសែត ដែលគាំទ្ររដ្ឋាភិបាល រួម​មាន៖ កាសែតរស្មីកម្ពុជា កម្ពុជាថ្មី និងកាសែត​កោះសន្តិភាព ជាដើម។ រីឯកាសែតប្រឆាំង មិន​រង​ការ​ប្តឹងផ្តល់ទេ។ចំណែក​ករណី​គំរាមកំហែង កាលពី​ឆ្នាំ​២០១០ មាន ៧ ករណី តែ​នៅ​ឆ្នាំ​២០១១ បាន​ថយ​មក​នៅត្រឹម ៥ ករណី​។

​ថ្លែង​នៅ​ក្នុង​ពិធី​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មានបាន​និយាយ​ថា ការជួបជុំ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក ថ្ងៃ​៣​ឧសភា​នេះ ដើម្បី​ធ្វើ​យ៉ាងណា លើកតម្កើង​វិជ្ជាជីវៈ​សារព័ត៌​មាន​ឲ្យ​មាន​ការទទួលខុសត្រូ​វ និង​​ផ្តាំផ្ញើ​ដល់​អ្នកកាសែតឲ្យ​ប្រយ័ត្នប្រយែងចំពោះ​ការអនុវត្ត​វិជ្ជាជីវៈជា​អ្នក​សារព័ត៌មានប្រកប​ដោយ​វិជ្ជាជីវៈ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ​បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួនផង​ដែរ​​ថា ក្នុងចំណោម ១៧៩​ប្រទេស កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១១៧ ផ្នែក​សេរីភាព​សារព័ត៌មាន​។ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ កម្ពុជា​មាន​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ល្អប្រសើរ​ជាង​គេ​៕ ​

Related Articles

Back to top button
Close
Close