លោក ​ហ៊ុន​ សែន​ មិន​ដឹង​ពី​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​

Cambodia News /

ភ្នំ​ពេញ​៖ បន្ទាប់ពី​លោក​ចេញ​ពី​ពិធី​​​ចុះ​ហត្ថ​លេខា​​ទទួល​​ជំនួយ ដែល​​មាន​​ការ​ប្រាក់​​ទាប ចំនួន ២០០​លាន​​ដុល្លារ ពី​​សាធារណរដ្ឋ​កូរ៉េ នៅ​ក្រសួង​​ការ​បរទេស​​​កម្ពុ​ជា កាល​ពី​ព្រឹក​​​ថ្ងៃ​​​ពុធ​ ខែកក្កដា លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​បាន​ឆ្លើយតប​​ ចំពោះ​ការ​ចោទសួរ​របស់​អ្នក​សារ​ព័ត៌​មាន​ថា «លោក​​មិនដឹង​ ចំពោះ​ការប្រកាស​របស់​ លោក សម រង្ស៊ី ដែល​ថា ​​​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​នោះ​»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមពីពិធីចុះហត្ថលេខាទទួលជំនួយ ២០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ។ (រូប​ បេឡា)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមពីពិធីចុះហត្ថលេខាទទួលជំនួយ ២០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ។ (រូប​ បេឡា)

ចំពោះ​​ករណី​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការចាប់ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង គឺជា​រឿង​បុគ្គល ដែល​មិន​មាន​ផលប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​​ឆ្នោត​​ឡើយ​។ លោក​បញ្ជាក់ថា នគរបាល​ជាតិ​កម្ពុជា នឹង​អនុវត្ត​តាម​ច្បាប់ ចាប់ខ្លួន ប្រធាន​គណបក្សប្រឆាំង​រូបនេះ ភា្ល​មៗ បើ​លោក​​ត្រលប់​ចូល​ស្រុក​វិញ។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​​ព្រមាន​កាល​​ថា ប្រសិនបើ​មាន​ការចាប់ខ្លួន​លោក សម រង្ស៊ី នោះ​នឹង​ធ្វើឲ្យ​ចលាចល​មុន​ការបោះឆ្នោត​។ យ៉ាងនេះក្តី លោក​សម រង្ស៊ី អះ​អាង​ថា ​នឹង​វិល​ត្រលប់​មក​កម្ពុជា​វិញ មុន​ថ្ងៃ​បោះឆ្នោត ហើយ​​លោក​នឹង​ដើរ​ចូល​ដោយ​ខ្លួនឯង​ទៅកាន់​កន្លែង​​ដែល​រដ្ឋាភិបាល​កំណត់​ថា ជា​មន្ទីរឃុំឃាំង​​លោក​នោះ​។

គួរបញ្ជាក់​ថា ព្រឹទ្ធសភា​អាមេរិក​ចំនួន​ពីរ​រូប គឺ​លោក Lindsey Graham និង​លោក Marco Rubio កាលពី​ខែ​មិថុនា បាន​ផ្ញើ​សេច​ក្តី​សម្រេច​លើ​កំណត់ត្រា​សភា របស់​អាមេរិក ដោយ​អំពាវនាវ​ឲ្យមាន​ការ​រឹតបន្តឹង និង​ការកាត់បន្ថយ​ជំនួយ​មក​កម្ពុជា ដោយសារ​ស្ថាន​ភាព​មិន​ល្អ​ជាច្រើន ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។

ការកាត់បន្ថយ​ជំនួយ​មក​កម្ពុជា អាច​នឹង​ត្រូវ​ធ្វើឡើង ប្រសិនបើ​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា ប្រព្រឹត្តទៅ​ដោយ មិន​សេរី និង​យុត្តិធម៌ ដែល​គេ​សំដៅ​ដល់ ការ​អវត្តមាន​របស់​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី​៕​

Related Articles

Back to top button
Close
Close