ការពន្យារកំណើត៖ តុលាការកំពូលហ្វីលីពីនពិនិត្យពាក្យសុំរបស់វិហារកាតូលិក
នៅថ្ងៃអង្គារនេះ តុលាការកំពូលហ្វីលីពីនបានចាប់ផ្តើមធ្វើការពិនិត្យពាក្យសុំរបស់ វិហារកាតូលិក។ វិហារកាតូលិកហ្វីលីពីនចង់អោយតុលាការកាត់ផ្តាច់សុពលភាពច្បាប់ គ្រប់គ្រងអត្រាកំណើតក្នុងប្រទេស។ រដ្ឋាភិបាលហ្វីលីពីនដែលមានគំរោងបន្ថយអត្រាកំណើតក្នុងស្រុក បានចេញច្បាប់គាំទ្រអោយប្រជាជនក្រីក្រមានលទ្ធភាពទទួលបាន ការពន្យារកំណើត។ អត្រាកំណើតប្រជាជននៅហ្វីលីពីនមានប្រមាណជាង២៤ភាគរយ។
តុលាការ កំពូលហ្វីលីពីនបានព្យួរច្បាប់គ្រប់គ្រងអត្រាកំណើត ក្នុងប្រទេស បន្ទាប់ពីវិហារកាតូលិកដ៏មានឥទ្ធិពលមួយ បានដាក់ពាក្យសុំរារាំងសុពលភាពច្បាប់នេះមក។ តុលាការកំពូលបាន ចាប់ផ្តើមធ្វើការពិនិត្យ ពាក្យសុំរបស់វិហារកាតូលិក នៅថ្ងៃអង្គារនេះ។
នៅមុនពេលតុលាការបើកសវនាការពិនិត្យច្បាប់ នេះ វិហារកាតូលិកបានរៀបចំពិធីសូត្រធម៌ជាសាធារណៈដើម្បីសុំអោយព្រះជួយ តុលាការអោយយល់ព្រមតាមការចង់បានរបស់ខ្លួន។
គួររំលឹកថា ច្បាប់ថ្មីរបស់រដ្ឋាភិបាលប្រធានាធិបតីអាគីណូនោះ ជាច្បាប់ជួយសម្រួលអោយប្រជាជនក្រីក្រទាំងឡាយអោយទទួលបានការ ពន្យារកំណើត។ ច្បាប់នេះបានដាក់កំហិតអោយមណ្ឌលសុខភាពក្នុងស្រុកនានា ផ្តល់ស្រោមអនាម័យ និងថ្នាំពន្យារកំណើតដោយឥតគិតថ្លៃដល់ប្រជាជន។ ច្បាប់នេះបានហាមឃាត់ការពន្លូតកូន ប៉ុន្តែខ្លឹមសារច្បាប់ជួយសំរួលអោយមានការថែទាំដល់ស្ត្រីក្រោយពេល ពន្លូតកូនរួច។
ពាក្យសុំរបស់វិហារកាតូលិកហ្វីលីពីនទៅតុលាការកំពូល ជាការគំរាមសមាជិកសភានានាដែលការពារច្បាប់នេះ។ ទោះយ៉ាងនេះក្តី តុលាការនៅមិនទាន់ផ្តល់ជាសាធារណៈនូវប្រក្រតិទិនការងារពិនិត្យ ច្បាប់របស់ខ្លួននៅឡើយ។
អត្រាកំណើតប្រជាជននៅហ្វីលីពីនមានប្រមាណជាង២៤ភាគរយ។ ប្រជាជនមួយភាគបួនក្នុងចំណោមប្រជាជនសរុប១០០លាននាក់ក្នុង ប្រទេស រស់នៅក្នុងភាពក្រីក្រ។ ប្រជាជនភាគច្រើនជាអ្នកកាន់សាសនាកាតូលិក៕ដោយ ព្រំ សឿន សូលីណា (RFI)