យន្តហោះBoeing៧៧៧ ចុះចតនៅ San Francisco ក្នុងល្បឿនទាបជាងល្បឿនកំណត់
ការ ចុះចតក្នុងល្បឿនទាបជាង ល្បឿនកំណត់អាចជាមូលហេតុនាំ អោយមានគ្រោះថ្នាក់ផ្ទុះឆេះយន្តហោះ Boeing ៧៧៧ នៅក្រុង San Francisco សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការសន្និដ្ឋានតាមរយៈព័ត៌មានទទួលបានដោយប្រអប់ខ្មៅនៃ យន្តហោះ។ លើសពីនេះ អ្នកបើកបរយន្តហោះនៅខ្វះបទពិសោធន៍ជាមួយប្រភេទ Boeing ៧៧៧ នៅឡើយ។ គួររំលឹកថា កាលពីថ្ងៃសៅរ៍ គ្រោះថ្នាក់ឆេះយន្តហោះ Boeing ៧៧៧ របស់ក្រុមហ៊ុនកូរ៉េខាងត្បូងAsiana Airlines ដែលដឹកអ្នកដំណើរពីក្រុងសៀងហៃឆ្ពោះទៅ San Francisco បានបង្កអោយអ្នកដំណើរពីរនាក់ស្លាប់ និង១៨០នាក់ទៀតរងរបួស។
យោងតាម សំលេងថតក្នុងប្រអប់ខ្មៅយន្តហោះ Boeing ៧៧៧ នេះ នៅ៧វិនាទីមុននឹងហេតុការផ្ទុះកើតឡើង នៅពេលដែលយន្តហោះត្រូវចុះចត អ្នកបើកយន្តហោះបែរជាព្យាយាមហោះឡើងទៅលើវិញ ។ អ្នកបើកបរបានដំឡើងម៉ាស៊ីន ហើយបន្ទាប់មកទៀត បានសុំការអនុញ្ញាតទៅអ្នកត្រួតពិនិត្យជើងហោះហើរ អោយយន្តហោះហោះឡើងទៅលើវិញ។ ប៉ុន្តែ វាហួសពេលទៅហើយ ព្រោះថាកន្ទុយយន្តហោះបានបុកទង្គិចទៅនឹងដី ធ្វើអោយយន្តហោះខ្ទាតចេញពីផ្លូវសំរាប់ចុះចត។
គួររំលឹកថា យន្តហោះ Boeing ៧៧៧ ដែលផ្ទុះឆេះនេះ ជាកម្មសិទ្ធិក្រុមហ៊ុនកូរ៉េខាងត្បូងAsiana Airlines។ កាលពីថ្ងៃសៅរ៍ យន្តហោះនេះបានដឹកអ្នកដំណើរពីក្រុងសៀងហៃឆ្ពោះទៅ San Francisco ដោយឆ្លងកាត់ក្រុងសេអ៊ូល។ គ្រោះថ្នាក់បានធ្វើអោយអ្នកដំណើរវ័យក្មេងជនជាតិចិនពីរនាក់បាត់បង់ ជីវិត។
ការិយាល័យជាតិអាមេរិកាំងទទួលបន្ទុកសន្តិសុខដឹកជញ្ជូនបានប្រាប់ អោយដឹងថា យន្តហោះនេះបានបន្ថយល្បឿន ហើយកម្រិតល្បឿនគឺទាបជ្រុលជាងល្បឿនដែលកំណត់។ ប៉ុន្តែ ការិយាល័យសន្តិសុខដឹកជញ្ជូនអាមេរិកនៅមានកិច្ចការស៊ើបអង្កេត ច្រើនទៀត មុននឹងសន្និដ្ឋានពីមូលហេតុពិតប្រាកដ។
ដោយឡែក គេសង្កេតឃើញថា លោក លី កាំងហ្គុក ដែលជាអ្នកបើកបរយន្តហោះនេះ នៅខ្វះបទពិសោធន៍ប្រភេទ Boeing ៧៧៧ នៅឡើយ។ លោកលី ធ្លាប់បើកបរបានប្រមាណមួយម៉ឺនម៉ោងមកហើយ គិតចាប់ពីឆ្នាំ១៩៩៤មក។ ប៉ុន្តែ ជាមួយប្រភេទ Boeing ៧៧៧ នេះ លោកបើកបរបានត្រឹមតែ៤៣ម៉ោងប៉ុណ្ណោះ៕ដោយ ព្រំ សឿន សូលីណា (RFI)