ក្រុម​ភាតរអ៊ីស្លាម​អេហ្ស៊ីប​អំពាវនាវ​អោយ​ងើប​បះបោរ​ប្រឆាំង​កងទ័ព​

នៅ​ប្រទេស​អេហ្ស៊ីប ​មានមនុស្ស​យ៉ាង​ហោច​ណាស់​៥១​នាក់ ​​បាន​បាត់​បង់​ជីវិត​នៅក្នុង​ការ​ប្រឈម​មុខ​រវាង​កងទ័ព​និង​ក្រុមបាតុករ​​​ គាំទ្រ​អតីប្រធានាធិបតី​មរស៊ី​ នៅព្រឹក​ថ្ងៃ​ចន្ទ​​នេះ។ ក្រុមភាតរ​អ៊ីស្លាម​បានចោទ​​​កងទ័ព​អេហ្ស៊ីប​ថា​​ជាអ្នក​សម្លាប់​ក្រុម​ បាតុករ ហើយ​បាន​អំពាវនាវ​អោយ​មាន​ការងើប​​បះបោរ​ប្រឆាំង​នឹង​កងទ័ពវិញ។ ប្រធានាធិបតី​ស្តីទី Aldy Mansour បាន​ចេញបញ្ជា​អោយ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សានៅ​ថ្ងៃ​ចន្ទនេះ។ ប្រទេស​​​កាតារ អ៊ីរ៉ង់ និង​សហភាព​អឺរ៉ុប​បាន​ធ្វើការ​​​​​បរិហារ​​​​ថ្កោលទោស​អំពើ​ហិង្សា​នេះ។​​ សហភាព​អឺរ៉ុប​បាន​ប្រាប់​​ថា​ខ្លួន​​ប្រហែល​ជា​​អាច​ផ្លាស់ប្តូរ​​គោលការ​​​ ​ជំនួយ​ដែល​ត្រូវ​ផ្តល់​អោយ​អេហ្ស៊ីប។

ដោយសារ ​តែ​ចង់​បង្ក្រាប​បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី​ ដែល​ខ្លួន​បាន​ផ្តួល​ពីតំណែង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នេះ កងទ័ព​អេហ្ស៊ីប​បាន​​ផុង​ខ្លួន​​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​ច្រើននាក់ នៅក្រុងគែរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ។ កងទ័ព​បាន​ប្រាប់​ថា ខ្លួន​ចង់​បង្ក្រាប​ក្រុមភេរវជន​​ដែល​​​វាយលុក​អគារ​អង្គរក្ស​ការពារ​​​ ប្រធានាធិបតី។ ប៉ុន្តែ​​ក្រុមភាតរ​អ៊ីស្លាមដែល​គាំទ្រ​លោក​មរស៊ី​ ​បាន​ចោទ​ទៅវិញ​ថា ទង្វើ​នេះ​ជា​ការ​​ធ្វើឃាត​លើ​បាតុករ​ដែល​មិន​បាន​ប្រើហិង្សា​អ្វីសោះ។ ក្រុម​ភាតរអ៊ីស្លាម​បាន​អំ​ពាវនាវ​អោយ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​កងទ័ព​​​ អេហ្ស៊ីប។ ក្រុមភាតរអ៊ីស្លាម​​​ចាត់​ទុក​កងទ័ព​ថា​ ជា​ជនក្បត់​បំពាន​​​លទ្ធិប្រជាធិបតេយ្យ។

អំពើ ​ហិង្សា​បាន​ធ្វើ​អោយ​​គណបក្ស​​អភិរក្ស​និយម​អ៊ីស្លាម​អាល់ណួ ​​ជា​គណបក្ស​សំខាន់ទីពីរ​នៅ​អេហ្ស៊ីប​​ ​ដក​ខ្លួន​ចេញ​ពី​​​កិច្ច​ពិភាក្សា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល។ ​ប្រធានាធិបតី​ស្តីទី Aldy Mansour ​បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​អំពើ​ហិង្សាដែល​បាន​កើតឡើង ហើយ​បាន​ចេញបញ្ជា​អោយ​មាន​ការ​​ស៊ើប​អង្កេត​។ ប៉ុន្តែ លោក ម៉ាន់សួរ បាន​បន្ត​ថា អំពើ​ហិង្សា​នេះ​​​មិន​ប៉ះពាល់​​ដល់​កិច្ច​ប្រឹងប្រែង​បង្កើត​រដ្ឋាភិបាល​ អន្តរកាល​នោះទេ។ ដោយឡែក​ ​អាល្លឺម៉ង់​ចង់អោយ​មាន​អាជ្ញាធរ​ឯករាជ្យ​មួយ​ធ្វើ​​​ការ​ស៊ើប​អង្កេត​​​​​ លើ​អំពើ​ហិង្សា​អោយ​បាន​ឆាប់​រហ័ស។

អំពើហិង្សា​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ក​ជា​​ប្រតិកម្ម​ថ្កោលទោស​​​ពី​បណ្តា​ប្រទេស​ជាច្រើនដូច​ជា​ អ៊ីរ៉ង់ កាតារ​ និង​សហភាព​អឺរ៉ុប​ជាដើម។ ប្រទេស​កាតារ​​​​ជំរុញ​​​អាជ្ញាធរ​អេហ្ស៊ីប​អោយ​ការពារ​បណ្តា​បាតុករ​​​ អហិង្សា​ និង​អនុញ្ញាត​អោយ​ពួកគេ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់។ នៅ​ក្រុង​សាណា​ ប្រទេស​យេមេន​ មនុស្ស​រាប់​ពាន់​នាក់​បាន​នាំគ្នា​បាតុកម្ម​គាំទ្រ​អតីតប្រធានាធិបតី​មរស៊ី ទៅតាម​ការ​អំពាវនាវ​របស់​គណបក្ស​អ៊ីស្លាម​ អាល់​អ៊ីស្លា ដែល​មាន​វត្តមាន​ក្នុង​រដ្ឋាភិបាល​យេមេន។

ទន្ទឹម​នេះ​ដែរ សហភាពអឺរ៉ុប​បាន​ប្រាប់​ថា​ ​ខ្លួន​ប្រហែល​ជា​អាច​​​ផ្លាស់ប្តូរ​​របៀបរបប​​ផ្តល់​ជំនួយ​ដល់​អេហ្ស៊ីប។ សហភាព​អឺរ៉ុប​នឹង​​​​​សិក្សា​​​ជា​អចិន្ត្រៃយ៍​នូវ​ជំនួយ​​នេះ ទៅ​តាម​ស្ថានការ​នយោបាយ​​ជាក់ស្តែង។ ប៉ុន្តែ​ ​​​បញ្ជាក់​ថា​ខ្លួន​មិន​ផ្តល់​ជំនួយ​ដល់​​​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ អេហ្ស៊ីប​ទេ​ ព្រោះថា​​កំណែ​ទម្រង់​ការងារ​រដ្ឋាភិបាល នេះ​​នៅ​មាន​ការ​​​​​​យឺតយ៉ាវ។ គួរ​រំលឹក​ថា សហភាព​អឺរ៉ុប​មាន​គំរោង​ផ្តល់​ជំនួយ​ជិត​៥ពាន់​លាន​អឺរ៉ូ​​​ ក្នុង​ទម្រង់​ជាប្រាក់​កំចី​រឺ​ក៏​ជាប្រាក់​​អំណោយ​​ដល់​អេហ្ស៊ីប​ក្នុង​ កំឡុង​ឆ្នាំ​២០១២-២០១៣៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close