សម្តេចប៉ាបFrançois បរិហារវប្បធម៌”មិនអើពើ”របស់ពិភពលោក
នា ឱកាសនិមន្តចេញធ្វើទស្សនកិច្ច សាសនានៅកោះLampedusa របស់អ៊ីតាលី ដែលមានចម្ងាយប្រមាណតែ ១៣៨គីឡូម៉ែត្រពីឆ្នេរសមុទ្ទប្រទេសទុយនីស៊ី សម្តេចប៉ាប François បានត្មះដៀលពិភពលោក ដែលមិនអើពើ ចំពោះមរណភាពរបស់ជនអន្តោប្រវេសន៍មកពីទ្វីបអាហ្វ្រិក។ បណ្តាជនអាហ្វ្រិកដែលខ្លះលក់ស្រែចម្ការយកលុយទៅឱ្យមេខ្យល់ធ្វើ ដំណើរឆ្លងសមុទ្ទ តាមទូកតូចៗមកអឺរ៉ុប ក្នុងបំណងប្រាថ្នាតែមួយ គឺស្វែងរកទឹកដីសួគ៌ា សម្រាប់កសាងជីវិតថ្មី។
“វប្បធម៌ សុខស្រួល បានធ្វើឱ្យយើងលែងឮសម្រែកអ្នកដទៃ និងលែងអើពើអ្វីទាំងអស់!”នេះជាសង្ឃដីកាដ៏សង្វេកស្តោកស្តាយរបស់ សម្តេចប៉ាប ក្នុងពិធីសូត្រធម៌ ដែលមានគ្រិស្តសានិកចូលរួមស្តាប់ជាងមួយម៉ឺននាក់។ លែងខ្វល់ លែងអើពើនឹងទុក្ខសោកអ្នកដទៃ ដែលសម្តេចប៉ាប ចង់សំដៅលើបណ្តាជននៅទ្វីបអាហ្វ្រិក ភៀសខ្លួនតាមទូកតូចៗ ប្រថុយជីវិតនឹងសេចក្តីស្លាប់ ដើម្បីអាចមកកសាងជីវិត និងក្រុមគ្រួសារនៅអឺរ៉ុប។
មុនដំណើរនិមន្តមកដល់កោះនេះបន្តិច អន្តោប្រវេសន៍អាហ្វ្រិកជាង២៨០នាក់ ត្រូវបានជួយសង្គ្រោះ។ ចំនួនជនភៀសខ្លួនអាហ្វ្រិក ឆ្លងកាត់ច្រក Lampedusa បានកើនឡើងឥតឈប់ឈរ។ រយៈពេល៦ខែ ដើមឆ្នាំនេះ មានជនអន្តោប្រវេសន៍ ៧៨០០នាក់ បានហែលឆ្លងតោងកោះអ៊ីតាលីបាន ពោលគឺ២ដងលើសឆ្នាំកន្លងទៅ។
ទោះបីជាចំនួនកើនឡើងយ៉ាងណាក៏ដោយ តែចំនួនជនមនុស្សស្លាប់ក្នុងសមុទ្ទមេឌីទែរ៉ាណេ បានធ្លាក់ចុះ។ បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មានស្លាប់៥០០នាក់នៅឆ្នាំ២០១២ ហើយស្លាប់និងបាត់ខ្លួន៤០នាក់នៅឆ្នាំ២០១៣។ សូមបញ្ជាក់ថា ជនភៀសខ្លួនតាមទូក តាមមេខ្យល់ ទាំងអស់នេះ នៅពេលបានជាន់កោះអ៊ីតាលី ត្រូវបញ្ជូនភ្លាមទៅកាន់មណ្ឌលទទួលអន្តោប្រវេសន៍បឋម ដ៏តូចមួយ បន្ទាប់មកទើបនាំទៅកាន់មន្ទីរឃុំឃាំងរដ្ឋបាល មុននឹងសម្រេចបញ្ជូនទៅប្រទេសដើមវិញ ឬទៅកន្លែងសុំសិទ្ធិជ្រកកោន៕ដោយ អៀង សុខម៉ិញ (RFI)