ដំណោះស្រាយចំពោះអ្នកដែលឧស្សាហ៍ពុលឡាន
Cambodia News/
សុខភាព៖ គ្មានការសិក្សាស្រាវជ្រាវណាមួយដែលបញ្ជាក់ច្បាស់ថា «ពុលឡាន»ជាជំងឺនោះទេ ពុលឡាន ឬពុលមធ្យោបាយធ្វើដំណើរមិនមែនជាជំងឺទេ តែជាប្រតិកម្មរបស់សរីរាង្គកាយ និងខួរក្បាលដែលមិនយល់គ្នាទៅវិញទៅមក វាជាអាការជំងឺសតិអារម្មណ៍ ដែលអាចកើតឡើងពីការពុលខ្យល់។
អាការៈនេះកើតឡើងភាគច្រើនចំពោះជនណាដែលមិនសូវមានសុខភាពមាំទាំ មានអារម្មណ៍ភ័យខ្លាចច្រើនងាយរងការបាត់លំនឹងក្នុងខ្លួនហើយ ស្រី្តនិងកុមារងាយពុលជាងគេ ដោយសារតែសុខភាពរបស់ពួកគេខ្សោយមិនអាចទ្រាំទ្រនឹងការបម្លាស់ ប្តូរលំនឹងច្រើនបាន។
នៅពេលខ្លះអ្នកធ្វើដំណើរអង្គុយភ័យឬបារម្ភច្រើនពេក ដូចជាខ្លាចមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឬមើលទៅដើរដើមឈើ អមសងខាងផ្លូវថា ចេះធ្វើចលនា ចេះដើរដូចយើងដែរ។ ដូច្នេះវាបណ្តាលឲ្យអ្នកធ្វើដំណើរចាប់ផ្តើមពុលតែម្តង។
ក្រៅពីក្អួតចង្អោរ នៅមានឈឺក្បាល វិលមុខ បែកញើស អស់កម្លាំង ហេវហត់ ស្លេកស្លាំងទាំងនេះសុទ្ធសឹងជាអាការពុលមធ្យោបាយធ្វើដំណើរ ឬយើងនិយមហៅជាទូទៅថា «ពុលឡាន»។
ដើម្បីកាត់បន្ថយ ឬបំបាត់ការពុលឡាននេះ អ្នកដែលងាយពុល ត្រូវលេបថ្នាំបំបាត់ពុលឡានយ៉ាងហោចណាស់៣០នាទីមុនចេញដំណើរ ឬអាចបិទបន្ទះជែលបន្ធូរអាការៈ។ ដោយសារពុលឡានបង្កដោយការបាត់បង់លំនឹងក្នុងខួរក្បាល អ្នកធ្វើដំណើរទាំងឡាយ គួរសម្រាកបិទភ្នែកគេងផ្អែកលើកៅអី ចៀសវាងការក្រឡេកឬងាកមើលឆ្វេងស្តាំ តាមប្រឡោះកញ្ចក់ឡាន។
មធ្យោបាយប្រសើរមួយទៀត គឺឲ្យអ្នកដែលឧស្សាហ៍ពុលឡាននោះទៅរៀនបើកបរ។ នៅពេលដែលគេបើកបរខ្លួនឯង ពីព្រោះអារម្មណ៍របស់គេនឹងផ្តោតសម្លឹងទៅលើការបើកបរ ហើយគ្មានពេលគិតដល់រឿងផ្សេងនោះទេ។ វិធីនេះត្រូវបានអាកាសយានិកប្រើប្រាស់នៅពេលបញ្ជាយន្តហោះផងដែរ៕ វត្តី