បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធបាញ់សម្លាប់លោកឈុត វុទ្ធីទៅតុលាការខេត្តកោះកុង
តាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្សបានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ មេសា ២០១២ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រីអាវុធហត្ថ កាលពីថ្ងទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តកោះកុង នៅរសៀលថ្ងៃទី៣ ឧសភា ២០១២។
ជាមួយគ្នានោះ លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតសមាគមអាដហុក បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ាន់ ប៊ុនរ័ត្ន និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ សុភាព យកទៅសាកសួរកាលពីថ្ងៃទី២៧ មេសា គឺអង្គការសង្គមស៊ីវិល រង់ចាំសហការជាមួយនឹងគណៈកម្មការចម្រុះអន្តរក្រសួង ក្នុងការផ្ដល់ការពិគ្រោះយោបល់ និងឯកសារមួយចំនួនដែលអង្គការសង្គមស៊ីវិលធ្វើការស៊ើបអង្កេត និងប្រមូលភស្ដុតាងមួយចំនួន ជុំវិញករណីនេះ។
តាមរបាយការណ៍របស់សង្គមស៊ីវិល គឺច្បាស់ណាស់ថា ឃាតកម្មដ៏រន្ធត់នោះ មានអ្នកទី៣ ជាអ្នកបាញ់ ហើយជនសង្ស័យ រ៉ាន់ ប៊ុនរ័ត្ន ដែលប៉េអឹមចាប់បញ្ជូនទៅកាន់តុលាការខេត្តកោះកុង ជាប់សង្ស័យខ្លាំងជាងគេក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី និងប៉េអឹម អ៊ិន រតនា។
យ៉ាងណាក៏ដោយ ក្រុមគណៈកម្មការចម្រុះ ដែលដឹកនាំដោយលោក ម៉ក់ ជីតូ បានបំពេញបេសកកម្ម ដោយជួបសាក្សី និងជនសង្ស័យ រ៉ាន់ ប៊ុនរ័ត្ន ព្រមទាំងចុះទៅដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ឧសភា ២០១២។ ក៏ប៉ុន្តែលទ្ធផលនៃដំណើរការស៊ើបអង្កេតយ៉ាងណានោះ មិនត្រូវបានបញ្ចេញឲ្យដឹងទេ៕