ប្តីយកព្រនង់វាយប្រពន្ធបែកក្បាលរបួសធ្ងន់ ដោយសារកាន់គណបក្សផ្សេងគ្នា
Cambodia News
ស្វាយរៀង ៖ ហេតុការណ៍គួរឱ្យហួសចិត្តមួយ បន្ទាប់ពីប្តីប្រពន្ធមួយគូបានឈ្លោះទាស់ទែងគ្នា ដោយសារតែរើសអើងកាន់គណបក្សរៀងៗខ្លួន (ប្តីកាន់ខាងគណបក្សសង្គ្រោះជាតិ ប្រពន្ធកាន់ខាងគណបក្សប្រជាជនកម្ពុជា) រហូតឈានដល់ការប្រើអំពើហិង្សាដោយប្តីយកព្រនង់មកវាយក្បាលស្ត្រី ជាប្រពន្ធ៣ព្រនង់ បណ្តាលឱ្យហូរឈាមកក្លាក់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៧ កក្កដា ២០១៣ ស្ថិតក្នុងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បុរសជាប្តីត្រូវបានគេស្គាល់ឈ្មោះពៅ ម៉េ អាយុ៤០ឆ្នាំ ចំណែកប្រពន្ធរងគ្រោះឈ្មោះវ៉ា សាម៉ន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
បើតាមប្រភពសាក្សីបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៣រសៀលស្ត្រីជាប្រពន្ធបានយកទង់ជាតិរបស់គណបក្ស ប្រជាជនកម្ពុជាដោតនៅមុខផ្ទះ បន្ទាប់មកបុរសជាប្តីដែលកាន់គណបក្សសង្គ្រោះជាតិមានការខឹងសម្បារក៏ ដកចេញវិញ ហើយប្រពន្ធខឹងក៏ទៅរៀនគូសសន្លឹកឆ្នោតនៅទីស្នាក់ការ របស់គណបក្សប្រជាជន ចំណែកប្តីខឹងក៏ទៅផឹកស្រាស្រវឹងរហូតដល់ពេលយប់ត្រឡប់មកផ្ទះកាន់ដំបង វាយទៅលើស្ត្រីរងគ្រោះតែម្តង ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីមកអធិការដ្ឋានស្រុករមាសហែក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕