ការ​ចូល​រួម​របស់​យុវ​ជន​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល ​

Cambodia News

ភ្នំពេញៈ ការ​ចូល​រួម​យ៉ាង​ច្រើន និង​យ៉ាង​ផុល​ផុស របស់​យុវជន​វ័យ​ក្មេង នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នា​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា អាច​នឹង​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត នៅ​ចុង​ខែ​កក្កដា​នេះ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ហួស​ពី​ការ​ស្មាន។

​Camចំពោះ​ការ​ចូល​រួម​របស់​ក្រុម​យុវជន​ លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប  បាន​​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គណបក្ស​ពី​ម្សិលមិញ​ថា ​ការ​ចូល​រួម​ដង្ហែ​ក្បួន​របស់​​ពួកគេ​ បាន​​​បង្ក​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ ដោយពួកគេ​បើក​ ម៉ូតូ​ហែ​ក្បួន​នៅ​ពេល​យប់ ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​និង​សណ្តាប់ធ្នាប់​ ​និង​បំពាន​លើ​ច្បាប់​ចរាចរណ៍ចរាចរណ៍។

លោក ហូ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា អ្វី​ដែល គ.ជ.ប បាន​លើក​ឡើង​គឺជា​ការ​រារាំង​សក​ម្ម​ភាព​ដង្ហែ​ក្បួន​ឃោសនា​ជា​ពិសេស​ការ​ចូល​ រួម​របស់​យុវជន នៅ​ពេល​ដែល​យុវជន​ជា​ច្រើន​បាន​ចូល​រួម​ជាមួយ​គណបក្ស​លោក។

លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា វា​មាន​ភាព​ស្មុគ​ស្មាញ​មួយ​ចំនួន​ខណៈ​កំពុង​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​គណបក្ស​នយោបាយ​មួយ​ចំនួន មិន​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ទីតាំង​ប្រមូល​ផ្តុំ និង​ទិសដៅ​ហែ។

យ៉ាង​ណា​ក៏​ដោយ លោក​កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ចាត់​ទុក​ការ​ចូល​រួម​របស់​យុវជន ថា​ជា​ការ​ល្អ​ប្រសើរ​។ ​លោក​បញ្ជាក់​​ថា កាល​ពី​មុន ​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង មាន​ការ​លាក់​មុខ​លាក់​មាត់​ភ័យ​ខ្លាច​ ប៉ុន្តែ​ឥឡូវ​នេះ ពួក​គេ​បាន​ចូល​រួម​ដោយ​បើក​ចំហ​។

បើ​តាម​លោក កែម ឡី ការ​ចូល​រួម​យ៉ាង​ច្រើន​របស់​យុវជន​ជាមួយ​គណបក្ស​នយោបាយ​លើក​នេះ គឺ​មួយ​ផ្នែក​ធំ តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក ដែល​ពួក​គេ​អាច​ទាក់​ទង​ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា និង​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ឆាប់​រហ័ស៕​

Related Articles

Back to top button
Close
Close