អ្នកបឹងកក់ថា លោកហ៊ុន ម៉ាណែត និងអភិបាលក្រុងថ្មី នឹងជួយបញ្ចប់វិវាទដីធ្លី
Cambodia News
ភ្នំពេញ៖ តំណាងពលរដ្ឋនៃសហគមន៍បឹងកក់ម្នាក់ បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រសហ្បតិ៍នេះថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសន្យាជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់នៅក្នុងពេល ឆាប់ៗខាងមុខនេះ ប៉ុន្តែបានដាក់លក្ខខណ្ឌមិនឲ្យអ្នកភូមិចេញដើរតវ៉ានៅតាមទី សាធារណៈតទៅទៀតទេ។
លោក ចាន់ ពុទ្ធិសាក់ តំណាងអ្នកភូមិបឹងកក់បាននិយាយថា កាលពីរសៀលថ្ងៃពុធ អាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញឲ្យរូបលោក និងតំណាងពីរនាក់ផ្សេងទៀត ចូលជួបពិភាក្សាដំណោះស្រាយពីបញ្ហាវិវាទដីធ្លីរបស់ពួកគាត់ដោយ ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសន្យាថា នឹងស្នើឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនបញ្ចូលឈ្មោះអ្នកភូមិ ចំនួន ៤៨ គ្រួសារដែលរួមទាំងគ្រួសាររបស់គាត់នៅមិនទាន់បានដីទៅក្នុង បញ្ជីរដែលត្រូវទទួលបានដី។
លោកបានបន្តថា «ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌហាមមិនឲ្យពួកយើងខ្ញុំចេញដើរតវ៉ាតាមផ្លូវ សាធារណៈ ជាមួយក្រុមអ្នកស្រីទេព វន្នី »។
លោក ចាន់ ពុទ្ធិសាក់ បានបន្ថែមថា «នៅពេលនោះ ខ្ញុំជម្រាបទៅគាត់ទាំងពីរថាយើងខ្ញុំមិនមែនដើរតវ៉ាតាមអ្នកស្រី ទេព វន្នីទេ គឺយើងខ្ញុំដើរតវ៉ាទាមទារដំណោះស្រាយដីធ្លីនឹងផ្ទះសម្បែងរបស់ យើងខ្ញុំ។ ខ្ញុំក៏បានសន្យានៅចំពោះមុខគាត់ទាំងពីរថានឹងឈប់ ដើរតវ៉ានៅពេលណាយើងខ្ញុំទទួលបានដំណោះស្រាយពិតប្រាកដ»។
លោកបានប្រាប់ឲ្យដឹងផងដែរថា នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ សាលារាជធានីភ្នំពេញ បានហៅឲ្យពួកគាត់ទៅជួបពិភាក្សាដំណោះស្រាយជាបន្តទៀត៕