សំណុំរឿង Edward Snowden រាលដាលដល់ទំនាក់ទំនងរវាងបារាំងនិងបូលីវី
យន្ត ហោះប្រធានាធិបតីបូលីវី ដែលចេញពីម៉ូស្គូ ត្រលប់ទៅទីក្រុង La Paz វិញ ត្រូវបង្ខំចិត្តចុះចតរង់ចាំដោយគ្មានគ្រោងទុក នៅប្រទេសអូទ្រីស្ត ល្ងាចមិញ ព្រោះតែមានការហាមឃាត់ហោះហើរ លើដែនអាកាសបារាំងនិងព័រទុយហ្កាល់។ បម្រាមដែលទំនងជាបណ្តាលមកពី មានពាក្យចចាមអារាម និងការសង្ស័យថា Edward Snowden អតីតបុគ្គលិករបស់ទីភ្នាក់ងារស៊ើបការសំងាត់ CIA ដែលរដ្ឋាបាលអាមេរិកតាមចាប់ លាក់ខ្លួនក្នុងយន្តហោះជាមួយលោក អេវ៉ូ ម៉ូរ៉ាឡេស (Evo Morales) ប្រធានាធិបតីបូលីវីនេះ …
ផ្លូវ អាកាសបើកចំហជាថ្មី ! យន្តហោះប្រធានាធិបតីបូលីវី បានហោះហើរវិលត្រលប់ទៅប្រទេសវិញជាធម្មតា តាំងពីព្រហាមថ្ងៃពុធនេះ ព្រោះការសង្ស័យ និងពាក្យចចាមអារាមគ្មានមូលដ្ឋាន បានរលាយរលត់ទៅវិញ នៅពេលយន្តហោះប្រធានាធិបតី បានចុះចតជាបន្ទាន់ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស្ត គ្មានវត្តមាន Edward Snowden។
ក៏ប៉ុន្តែបូលីវី មានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ចំពោះបម្រាមហោះហើររបស់ ព័រទុយហ្កាល់ និងបារាំង។ សម្រាប់បូលីវី នេះជាការរើសអើង ប្រកាន់ពូជសាសន៍ ចំពោះប្រធានាធិបតីនៃប្រទេសតូចតាចក្រីក្រ ដូចយ៉ាងបូលីវី។ បណ្តាជននៅបូលីវី បាននាំគ្នាទៅប្រមូលផ្តុំនៅមុខស្ថានទូតបារាំង ស្រែកទាមទារការពន្យល់បំភ្លឺ។
ព័រទុយហ្កាល់ ដែលយល់ព្រមវិញភ្លាម បើកព្រំដែនអាកាសឱ្យយន្តហោះប្រធានាធិបតីបូលីវី ហោះហើរឆ្លងកាត់ មិនបានផ្តល់ហេតុផលផ្លូវការអ្វី ជុំវិញការបដិសេធនៅថ្ងៃម្សិលមិញទេ។ ចំណែកប្រទេសបារាំងវិញ បានគូសបញ្ជាក់ថារដ្ឋាភិបាលមិនបានទទួលព័ត៌មាននេះ ដូច្នេះមិនអាចធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
សូមបញ្ជាក់ថា បូលីវី ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២១ ដែល Edward Snowden បានស្នើសុំសិទ្ធិជ្រកកោននយោបាយ។ មុនចាកចេញពីទីក្រុងម៉ូស្គូ លោកប្រធានាធិបតី អេវ៉ូ ម៉ូរ៉ាឡេស បានអះអាងថាបូលីវី ត្រៀមទទួលយកអតីតបុគ្គលិកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិករូប នេះ។ ហេតុដូច្នេះហើយទើបលេចចេញការសង្ស័យឡើងខ្លាច Edward Snowden ដែលលាក់ខ្លួននៅព្រលានយន្តហោះក្រុងម៉ូស្គូ ធ្វើដំណើរទៅបូលីវី តាមយន្តហោះប្រធានាធិបតី។
ប្រទេសកាន់តែច្រើនឡើងៗបានឆ្លើយបដិសេធសំណើសុំសិទ្ធិជ្រកកោន នយោបាយរបស់ Edward Snowden ដោយសំអាងថាគ្មានលក្ខខណ្ឌគ្រប់គ្រាន់។ ចំណែកវេណេស៊ុយអេឡា ដែលប្រធានាធិបតី Nicolas Maduro កំពុងស្ថិតនៅម៉ូស្គូដែរ មិនទាន់បានទទួលលិខិតស្នើសុំសិទ្ធិជ្រកកោនជាផ្លូវការពី Edward Snowdenទេ តែបានអះអាងថាជនអាមេរិករូបនេះសក្តិសមនឹងទទួលបានការការពារពី ច្បាប់មនុស្សធម៌អន្តរជាតិ៕ដោយ អៀង សុខម៉ិញ (RFI)