រដ្ឋាភិបាលថៃទទួលការរិះគន់ អំពីគម្រោងទិញអង្ករពីប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រីប្រទេសថៃ បានឈានបកក្រោយមួយជំហាន ទាក់ទងនឹងការសម្រេចចិត្តកាត់ថវិកាទិញអង្ករពីកសិករ។
កាលពី២សប្តាហ៍មុននេះ រដ្ឋាភិបាលថៃបានប្រកាសថាខ្លួននឹងកាត់ថវិកា២០% ពីថវិកាបង់ទៅកសិករក្រោមគម្រោងកិច្ចសន្យាសម្រាប់កសិកម្មស្រូវ។
តាំងពីឆ្នាំ២០១១ ប្រទេសថៃបានទិញអង្ករពីកសិករដោយផ្តល់ថវិកា 50%ច្រើនជាងតម្លៃទីផ្សារ ដើម្បីរួមចំណែកខិតខំបង្កើនចំណូលរបស់ប្រជាពលរដ្ឋក្រីក្រនៅ តាមទីជនបទ ដែលជាទូទៅគាំទ្រគណបក្សកំពុងកាន់អំណាចនេះ។
អ្នករិះគន់និយាយថា គម្រោងនេះចំណាយថវិកាច្រើន និងធ្វើឲ្យមានអំពើពុករលួយ។
នៅពេលដែលប្រទេសថៃ ចាប់ផ្តើមប្រមូលទិញអង្ករក្នុងតម្លៃខ្ពស់លើសពីតម្លៃទីផ្សារ ប្រទេសឥណ្ឌា និងប្រទេសវៀតណាមបាននាំមុខក្នុងនាមជាអ្នកលក់អង្ករទៅក្រៅ ប្រទេសនៅលើឆាកអន្តរជាតិ៕ (Radio Australia)