គណបក្សនយោបាយនៅកម្ពុជា សន្យាដោះស្រាយបញ្ហារបស់ស្រ្តី និងកុមារ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា នេះ បណ្តាមន្រ្តីគណបក្សនយោបាយនានា ដែលចូលរួមការបោះឆ្នោតជាតិ នីតិកាលទី៥ បានសន្យាថា នឹងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងកុមារ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនាថ្ងៃទី ២៨ខែកក្កដាខាងមុខនេះ។
ការថ្លែងបែបនេះ បានធ្វើឡើងនៅឯវេទិកាពិភាក្សាថ្នាក់ជាតិស្តីពី វិធានការពិសេសដើម្បីដោះស្រាយបញ្ហាស្រ្តី និងកុមារនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិដើម្បីស្រ្តី (UNWOMEN) ប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។
នាយិកា UNWOMEN លោកស្រី វេនី កូសូម៉ា បានថ្លែងថា ការរៀបចំនេះ ធ្វើឡើងដើម្បីចង់ដឹងពីគោលនយោបាយ ក៏ដូចជាការសន្យារបស់គណបក្សនយោបាយទាំង៨ ដែលបានចូលរួមការបោះឆ្នោត នៅពេលដែលគណបក្សណាមួយឈ្នះឆ្នោត។
ជាមួយគ្នានោះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល ដែលឃ្លាំមើលដំណើរការបោះឆ្នោត នៅកម្ពុជា បានថ្លែងផងដែរថា វេទិកានេះ មានសារសំខាន់ សម្រាប់ម្ចាស់ឆ្នោត ដែលត្រូវដឹងនិងស្វែងយល់ អំពីកម្មវិធីនយោបាយរបស់គណបក្សទាំងនោះ ដើម្បីធានាបញ្ហារបស់ពួកគេ ត្រូវបានដោះស្រាយ៕