សារព័ត៌មាន បរទេស ព្យាករណ៍ថា គណបក្សប្រជាជន នឹងឈ្នះការបោះឆ្នោត
Cambodia News
ភ្នំពេញ: ខណ:ពេលដែលយុទ្ធនាការ កំពុងតែក្តៅគគុក ក្រោមការឃ្លាំមើលគ្រប់មជ្ឈដ្នាននោះ ទីភ្នាក់សារព័ត៌មានធំៗរបស់បរទេស មានការសន្និដ្ឋានជារួមថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះ នៅក្នុងការបោះឆ្នោត ដែលគ្រោងធ្វើនៅ ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។

ទីភ្នាក់ងារ ព័ត៌មានអាហអេហ្វប៉េ (AFP) របស់បារាំងបានរាយការណ៍ថា ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមជាផ្លូវការ នូវយុទ្ធនាការ សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ដែលគេរំពឹងថា នឹងទទួលជ័យជំនះ ដោយបុរសខ្លាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មិនខុសគ្នាប៉ុន្មាន ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ របស់អង់គ្លេសវិញបាននិយាយថា គណបក្សប្រជាជនកម្ពុជា ត្រូវបានរំពឹងថានឹងឈ្នះការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុននេះ។ ចំណែកសារព័ត៌មាននៅកាណាដា វិញក៏ធ្វើការព្យាករណ៍ដូចគ្នានេះ។
សារព័ត៌មាន Canadian Broadcasting Corporation បានរាយការណ៍ថាការបោះឆ្នោតនោះស្ទើតែប្រាកដថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំ កាន់អំណាចយូរជាងគេ របស់ទ្វីបអាស៊ី នឹងពង្រីកការកាន់អំណាចរយៈពេល ២៨ ឆ្នាំរបស់គាត់បន្តទៀត៕