ប្រធានាធិបតីអេហ្ស៊ីបបដិសេធចំពោះការជ្រៀតជ្រែករបស់យោធា
លោកប្រធានាធិបតីអេហ្ស៊ីបលោក Mohammed Morsi បានច្រានចោលនូវអ្វីដែលយោធាបានទាមទារកាលពីថ្ងៃចន្ទថាពួកគេនឹង ចូលធ្វើអន្តរាគមន៍ប្រសិនបើលោកមិនចុះចេញពីតំណែងទៅតាមការទាមទារ របស់ក្រុមប្រឆាំងទេនោះ។ លោកប្រធានាធិបតីក៏បានប្រកាសថាអ្វីៗនឹងដំណើរការទៅតាមការគ្រោងទុក នៃផែនការផ្សះផ្សាជាតិរបស់ខ្លួន។
កាលពី ថ្ងៃចន្ទក្រុមយោធាបានចេញសេចក្តីប្រកាសដែលគំរាមលោក ប្រធានាធិបតីកាន់សាសនាអ៊ីស្លាមលោក Mohammed Morsi ថា ពួកគេនឹងចូលធ្វើអន្តរាគមន៍ប្រសិនបើលោកប្រធានាធិបតីមិនព្រមចុះ ចេញពីតំណែងទៅតាមការទាមទាររបស់ប្រជាជនក្នុងរយៈពេល៤៨ម៉ោងទេនោះ។ ឆ្លើយតបទៅនឹងការគំរាមនេះ ប្រធានាធិបតីអេហ្ស៊ីប លោក Morsi បានចេញសេចក្តីថ្លែងការណ៍មួយថាសេចក្តីប្រកាសដែលមិនច្បាស់លាស់របស់ ក្រុមយោធាអាចនាំអោយមានការយល់ច្រឡំគ្នា ហើយក្នុងតំណែងជាប្រធានាធិបតី លោកនឹងនៅតែបន្តផែនការឆ្ពោះទៅរកការផ្សះផ្សាជាតិ។
សេចក្តីថ្លែងការណ៍នេះក៏បានបដិសេធចំពោះសេចក្តីប្រកាសណាដែលធ្វើអោយ ប្រទេសកាន់តែមានការបែកបាក់ និងមានការគំរាមកំហែងដល់សន្តិសុខសង្គម។ សេចក្តីថ្លែងការណ៍នោះក៏បានអោយដឹងដែរថាលោកMorsiកំពុងតែប្រឹក្សា ជាមួយនឹងកងកម្លាំងសន្តិសុខជាតិដើម្បីធានាសុវត្ថិភាពនៃដំណើរឆ្ពោះ ទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការការពារឆន្ទៈរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោត។ អ្នកកាន់សាសនាអ៊ីស្លាមដែលគាំទ្រលោកMorsi បាននិយាយថា ពួកគេនឹងការពារប្រធានាធិបតីស្របច្បាប់រូបនេះ ដែលលោកទើបតែកាន់តំណែងបាន១ឆ្នាំតែប៉ុណ្ណោះ។
សេចក្តីប្រកាសរបស់យោធាកាលពីថ្ងៃចន្ទដែលផ្សាយតាមរយៈទូរទស្សន៍បាន អោយដឹងថា ប្រសិនបើលោកMorsiដែលជាប្រធានាធិបតីអេហ្ស៊ីប មិនអាចបំពេញតម្រូវការតាមការទាមទាររបស់ប្រជាពលរដ្ឋក្នុងពេលនេះទេ ពួកគេនឹងគ្រោងប្រកាសអំពីវិធានការចាត់ការបញ្ហានេះ។ សេចក្តីប្រកាសរបស់យោធាបែបនេះបានទទួលការស្វាគមន៍ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រឆាំង ដែលបោះតង់នៅទីលានTahrirក្នុងទីក្រុងCairo។ ប៉ុន្តែ ប្រធានាធិបតីអេហ្ស៊ីប លោក Mohammed Morsi ក៏បានចេញសេចក្តីថ្លែងការណ៍មួយតបវិញដោយបញ្ជាក់ថា ប្រទេសអេហ្ស៊ីបនឹងមិនដើរត្រឡប់ថយក្រោយនោះទេទោះបីជា ក្នុងលក្ខខណ្ឌណាក៏ដោយ៕ដោយ រិទ្ធិ ម៉ូនីកា (RFI)