បង់ក្លាដែស ច្រានចោសការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានសម្រេចលុបចោលការអនុគ្រោះពាណិជ្ជកម្ម ដល់បង់ក្លាដែសទាក់ទងនឹងការនាំចេញសម្លៀកបំពាក់ ក្នុងហេតុផលថា ប្រទេសនេះមិនបានគោរពសិទ្ធិជាមូលដ្ឋានរបស់កម្មករ។ ការសម្រេចនេះ ធ្វើឡើង ក្រោយបន្ទាប់ពី មានសោកនាដកម្មជាច្រើនលើកច្រើនសា នៅក្នុងវិស័យកាត់ដេរបង់ក្លាដែស ដែលបណ្តាលឱ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់។
រដ្ឋាភិបាល បង់ក្លាដែស បានឆ្លើយតបថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ កំពុងតែធ្វើឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ជីវភាពកម្មកររោង ចក្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយ ក្រសួងការបរទេសបង់ក្លាដែស បន្ទាប់ពីអាមេមេរិកបានប្រកាសព្យួរការអនុគ្រោះពាណិជ្ជកកម្ម ហៅកាត់ជាភាសាអង់គ្លេសថា GSPសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍។ ហើយទណ្ឌកម្មទាំងនេះ មានដូចជាការតម្រូវឱ្យ ក្រុមហ៊ុន នាំចេញសំលៀកបំពាក់ សំខាន់ៗ ពីប្រទេសបង់ក្លាដេស ទៅទីផ្សារអាមេរិកបង់ពន្ធគយជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌ដដែលបានបញ្ជាក់ថា នេះជាទណ្ឌកម្មដែលអាមេរិកដាក់ ក្នុងពេលដែលរដ្ឋាភិ បាលបង់ក្លាដែស កំពុងតែចាត់វិធានការជាក់លាក់ និងតម្លាភាព ដើម្បីធានាបាននូវសុវត្ថិភាពក្នុងរោងចក្រវាយនភណ្ឌ ក៏ដូចជាការការពារសិទ្ធិការងាររបស់កម្មករផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីមានសោកនាដកម្មស្រុតដី រោងចក្រវាយនភណ្ឌ នៅប្រទេសបង់ក្លាដែសកាលខែមេសាកន្លងទៅ បានធ្វើឱ្យមនុស្សប្រមាណជាង ១២០០នាក់បានស្លាប់ និងរាប់ពាន់អ្នកទៀតរងរបួស។ ពេលនោះថ្នាក់ដឹកនាំកំពូល អាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តដាក់សម្ពាធ លើប្រទេសមួយនេះ ដោយឱ្យគិតគួរដល់សុវត្ថិភាពកម្មករក្នុងវិស័យកាត់ដេរ។ដោយលោកបានបញ្ជាក់ថា កន្លងមកបង់ក្លាដែស មិនបានខិតខំប្រឹងប្រែង លើការងារនេះទេ។
តំណាងក្រុមពាណិជ្ជកម្មក្រៅស្រុករបស់សហរដ្ឋអាមេរិក បានបន្ថែមលើនេះដែរថា វាវិធានការមួយដ៏មានប្រសិទ្ធភាព ក្នុងន័យជម្រុញឱ្យបង់ក្លាដែស យកចិត្តទុកដាក់ក្នុងការគោរពសិទ្ធិជាមូលដ្ឋានរបស់កម្មករ និងបទដ្ឋានសុវត្ថិភាពការងាររបស់ពួកគាត់។
នៅក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលអាមេរិកបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយធ្វើការជាប់ លាប់ជាមួយរដ្ឋាភិបាលបង់ក្លាដែស ចង់ឱ្យប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ សម្រេចបាននូវបទដ្ឋានសុវត្ថិភាពការងារកម្មករមួយត្រឹមត្រូវ។
សូមរម្លឹកថាបង់ក្លាសដែស ជាប្រទេសដែលនាំចេញ សំលៀកបំពាក់ច្រើនជាងគេទី២ នៅក្នុងពិភពលោក។ ហើយក្នុងនោះមានរោងចក្រប្រមាណជាង៤ ពាន់ប្រាំរយកំពុងតែផ្គត់ផ្គង់សំលៀកបំពាក់ម៉ាក់ល្បីៗ ជាច្រើនដូចជា Walmart, Carrefour និងH&M ជាដើម៕ដោយ ជា ប៊ុនធឿន (RFI)