អវកាសយានិកចិន បានត្រឡប់មកផែនដីវិញដោយជោគជ័យ
ទីបំផុតទៅ អវកាសយានិកចិន បានត្រឡប់មកកាន់ផែនដីវិញដោយជោគជ័យកាលពីព្រឹកថ្ងៃពុធទី២៦ មិថុនានេះ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេល១៥ថ្ងៃ នៅក្នុងលំហអាកាស។ នេះគឺជាបេសកកម្មដែលមានរយៈពេលវែងមួយ ដែលចិនរំពឹងថា ខ្លួននឹងអាចសំចតស្ថានីយ៍អវកាសអចិន្ត្រៃយ៍មួយបាន ក្នុងលំហនៅឆ្នាំ២០២០។
ពេលចុះមក ដល់ដីភ្លាម ថ្នាក់ដឹកនាំកំពូលៗនិងប្រជាជនចិនមួយចំនួន បានមកទទួល អវកាសយានិកទាំងបីនាក់ យ៉ាងអធឹកធម ដោយចិនចាត់ទុកថានេះ ជាជោគជ័យប្រវត្តិសាស្រ្តមួយរបស់ខ្លួនផ្នែកអវកាស។ យានអវកាសមានមនុស្សស្នាក់ដែលឈ្មោះ ស៊ីនស៊ូ៥បានចេញដំណើរ ពីផែនដី កាលពីថ្ងៃទី១១មិថុនាកន្លងទៅ ក្នុងគោលបំនងស្នាក់នៅនិងស្រាវជ្រាវចំនួន ១៥ថ្ងៃ ក្នុងលំហអាកាសជុំវិញផែនដី។
យានអវកាស ទីប្រាំដែលមានមនុស្សជិះរបស់ចិន បានចុះចតដោយសុវត្តិភាព នៅម៉ោង៨ និង៧នាទីព្រឹកថ្ងៃពុធទី២៦មិថុនាម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ៧និង៧នាទីនៅក្នុងស្រុកខ្មែរ។
ទូរទស្សន៍រដ្ឋចិនបានចាក់ផ្សាយរូបភាព ដ៏រំភើបក្នុងការត្រឡប់មកវិញនេះ។ ហើយក្នុងសប្តាហ៍មុននេះដែរ នៅពេលអវកាសយានិកកំពុងតែស្ថិតនៅក្នុងលំហ នៅតាមទូរទស្សន៍ បានចាក់ផ្សាយការបង្រៀនមេរៀនរូបវិទ្យា ដោយប្រើរូបភាពពិតពី លំហតែម្តង ដែលបានពន្យល់ដោយអវកាសយានិកផ្ទាល់។ គេបានបង្ហាញរូបភាព តំណក់ទឹកនិងវត្ថុមួយចំនួន កំពុងតែអណ្ដែតក្នុងលំហដែលគ្មានទំនាញផែនដី។
ក្នុងកំឡុងពេលនោះគេឃើញលោក ស៊ី ជីងពីង កំពុងតែនិយាយតាមទូរសព្ទជាមួយនឹងអវកាសយានិកទាំងបីនាក់ដែលពេល ចុះមកដល់ដីភ្លាម។ ថ្នាក់ដឹកនាំកំពូលចិនរូបនេះ បានប្រកាសថា ការទៅកាន់អវកាសជាក្តីស្រមៃរបស់ចិន ដែលនេះ ជាការបង្ហាញនូវនុភាពដ៏ខ្លាំងក្លាររបស់ចិន។
សូមរម្លឹកថាចិនបានបញ្ចូនយានអវកាសដែលមានមនុស្សជិះលើកទីមួយទៅ ក្នុងលំហនៅឆ្នាំ២០០៣។ ហើយមកដល់ឆ្នាំ២០១១ ប្រទេសមហាអំណាចមួយនេះ បានសំចតស្នានីយអវកាសរបស់ខ្លួនចំនួនពីរ ដោយជោគជ័យនៅលំហដោយគ្មានមនុស្សជិះ។
ចំពោះភាពជោគជ័យនេះ ថ្នាក់ដឹកនាំក្រុមអវកាសចិន ក៏បានប្រកាសនៅក្នុងថ្ងៃពុធទី២៦មិថុនានេះដែរថា ចិនគ្រោងនឹងបញ្ជូនមន្ទីរពិសោធន៍ចល័តលើកទីពីរទៅកាន់លំហនៅ ឆ្នាំ២០១៥។
ស្របគ្នានឹងកម្មវិធីបញ្ជូនយានអវកាសដែលមានមនុស្សស្នាក់នៅនេះដែរ ចិនក៏កំពុងមានមហិច្ចតារបស់ខ្លួន ក្នុងការបញ្ជូនមនុស្សទៅឋានព្រះចន្ទ និងចិនស្រមៃថានឹងក្លាយជាប្រទេសទី៣ ដែលអាចបញ្ជូនមនុស្សទៅដល់ឋានព្រះចន្ទបន្ទាប់ពីអាមេរិក និងរូស្ស៊ី៕ដោយ ជា ប៊ុនធឿន (RFI)