ពលរដ្ឋបឹងកក់ចាប់ផ្ដើមដើរហែក្បួន
ភ្នំពេញ: ចាប់ពីព្រឹកថ្ងៃទី៣០ មេសា រហូតដល់ថ្ងៃទី៦ ឧសភា ២០១២ ប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រមាណ ៣០០នាក់ បានហែក្បួនតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារបោះបង្គោលកំណត់ព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋព្រមទាំងទាមទារឲ្យអាជ្ញាធរដកពាក្យបណ្តឹង។
ការហែក្បួននេះ ធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងមន្ត្រីសាលារាជធានី អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋបឹងកក់ កាលពីព្រឹកថ្ងៃទី២៧ មេសា ២០១២។
អ្នកស្រី ទេព វន្នី ពលរដ្ឋបឹងកក់ បានឲ្យដឹងថា ការហែក្បួនរបស់ប្រជាពលរដ្ឋបឹងកក់ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដោយក្នុងនោះ ក៏មានការដាក់ញត្តិតាមបណ្តាស្ថានទូតនានា រដ្ឋសភា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងម្ចាស់ជំនួយ។
អ្នកស្រីបន្តថា ការដើរហែក្បួនតាមផ្លូវ ប្រជាពលរដ្ឋពាក់អាវ និងមួក ដោយនៅលើមួកសរសេរអក្សរ អនុក្រឹត្យ១៨៣, និងដី ១២,៤៤ ហិកតា របស់ប្រជាពលរដ្ឋ។ ចំណែកនៅលើអាវវិញ ផ្នែកខាងមុខសរសេរថា បោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាចេញ ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ៕