ហិង្សា​អ្វី​ដែល​ចាត់​​ទុក​​ថា ​ជា​អំពើ​ហិង្សា​​​ក្នុង​គ្រួសារ?

ដោយ  ផល សុវណ្ណវត្តី
Cambodia News
អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើអំពើហិង្សាដែលកើតមាន និងអាចកើតមានទៅលើប្តី ឬប្រពន្ធ កូន ក្នុងបន្ទុក និងជន ទាំង ឡាយ ដែល​រស់នៅក្នុងបន្ទុកគ្រួសារតែមួយ។

លោកស្រី រស់ សុភាព នាយិកាប្រត្តិបត្តិអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារ បែង​ចែក​ជា​បួន​គឺអំពើហឹង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច។

បច្ចុប្បន្ននេះ បើទោះជារដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកម្ពស់សិទ្ធិស្ត្រីកុមារ និងគោលនយោបាយសមភាពយិនឌ័រ ជា​ពិសេស​បង្កើតច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក៏ដោយ ក៏បញ្ហានេះនៅតែកើមានជារឿយៗ ដែល​សារព័ត៌មានបានចុះផ្សាយជាបន្តបន្ទាប់។

ជាងនេះទៅទៀត ទាំងក្រសួងកិច្ចការនារី និងបណ្តារអង្គការជាច្រើន ព្រមទាំងបណ្តាញសារព័ត៌មានបែបចាស់និងបែបថ្មី បាន​នឹង​កំពុង​ខិតខំធ្វើការផ្សព្វផ្សាយពីការទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារ និង​ផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។

លោកស្រី រស់ សុភាព បានរំលឹកថា អំពើហិង្សាដែលកើតមាននៅក្នុងគ្រសារមួយ វាពិតជាមានផលប៉ះពាល់ជាច្រើន ដូចជា ប្រសិន​បើ​ឪពុកម្តាយឈ្លោះទាស់ទែង ហើយវាយតប់គ្នាវានាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូនៗ ដែលនាំឲ្យគេរៀនសូត្រមិនបានល្អ ឬអាចឈានទៅឈប់រៀនក៏មាន។

លោកស្រី បន្តថា ប្រសិនប់ការវាយតប់មានរបួសស្នាមរហូតដល់ធ្ងន់ធ្ងរ នោះនាំឲ្យមានការផ្តឹងផ្តល់ជាប់គុកច្រវាក់ ដែល​នាំ​ឲ្យ​កូនៗ​នៅ​កំព្រា។

កន្លងមក សារព័ត៌មានបានរាយការណ៍ជាហូរហែរថា អំពើហិង្សាក្នុងគ្រួសារជាច្រើន ដែលពេលខ្លះបុរសជាប្តីវាយប្រពន្ធស្លាប់ ពេលខ្លះប្រពន្ធវាយប្តីស្លាប់ ហិយកូនវាយឪពុក និងឪពុកវាយកូនរហូតដល់ស្លាប់ក៏មាន ហើយត្រូវបានតុលាការកាត់​ទោស​ដាក់​ពន្ធនាគារ។ ករណីហិង្សាទាំងនេះបានបង្កឲ្យកូនៗនៅតូចកំព្រាគ្មានអ្នកថែរក្សា ដែលវាប៉ះពាល់ដល់ការអភិវឌ្ឍគ្រួសារ និងសង្គម។

កាលពីឆ្នាំ ២០១១ សមាគមសិទ្ធិមនុស្ស អាដហុក បានរកឃើញថា យ៉ាងហោចណាស់មានអំពើហិង្សាក្នុងគ្រួសារចំនួន ៥៣២ ករណីដែរ។ សមាគមនេះបានបញ្ជាក់ថា ទិន្នន័យនេះបង្ហាញថាពីកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ៕ (អត្ថបទនេះ​សរសេរ​ឡើង​ក្រោម​ការ​គាំទ្រ​ពី​អង្គការ Trocaire)

Related Articles

Back to top button
Close
Close