ចោរអ៊ីនធ័ណេតវាយប្រហារវិបសៃតិ៍រដ្ឋាភិបាលកូរ៉េខាងត្បូង
នៅព្រឹកថ្ងៃអង្គារទី ២៥ មិថុនា នេះ កូរ៉េខាងត្បូងបានចេញសញ្ញាប្រកាសអាសន្ន បន្ទាប់ពីវិបសៃតិ៍សំខាន់ៗរបស់រដ្ឋាភិបាល កូរ៉េខាងត្បូងត្រូវវាយប្រហារដោយចោរអ៊ិនធ័រណេត។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល គេមិនស្គាល់ពីអត្តសញ្ញាណរបស់ចោរអ៊ិនធ័រណេតនោះឡើយ ប៉ុន្តែ កន្លងមក កូរ៉េខាងត្បូងធ្លាប់ចោទកូរ៉េខាងជើង ថា ជាអ្នកវាយប្រហារលើវិបសៃតិ៍សំខាន់ៗរបស់កូរ៉េខាងត្បូង។
វិបសៃតិ៍ របស់វិមានប្រធានាធិបតី ស្ថិតក្នុងចំណោមវិបសៃតិ៍ដែលរងគ្រោះ ដោយការវាយប្រហាររបស់ចោរអ៊ិនធ័រណេត។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ពីការវាយប្រហារព័ត៌មានវិទ្យាដែល បានឈានទៅដល់ការបិទវិបសៃតិ៍ រដ្ឋាភិបាល ដែលនៅក្នុងនោះ មានវិបសៃតិ៍របស់ប្រធានាធិបតី និងវិបសៃតិ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅកូរ៉េខាងត្បូង។
ការវាយប្រហារអ៊ិនធ័រណេតហាក់ដូចជាចៃដន្យ ព្រោះ វាកើតឡើង នៅចំខួបនៃការចាប់ផ្តើមសង្រ្គាមកូរ៉េ ដែលបានឆាបឆេះឡើង នៅថ្ងៃទី ២៥មិថុនា ឆ្នាំ ១៩៥០។ រដ្ឋាភិបាលកូរ៉េខាងត្បូងមិនទាន់កំណត់អត្ត សញ្ញាណរបស់ចោរអ៊ិនធ័រណេត បាននៅឡើយទេ។ ក្នុងការស៊ើបអង្កេតកន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងបានចោទប្រកាន់របបព្យុងយ៉ាងថា ជាអ្នកវាយប្រហារលើវិបសៃតិ៍របស់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០០៩។ កាលពីខែមីនាកន្លងទៅ គឺនៅក្រោយភាពតានតឹងរវាងកូរ៉េទាំងពីរ ដោយសារតែទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល កូរ៉េខាងត្បូងបានចោទទីក្រុងព្យុងយ៉ាងថា បានវាយប្រហារលើវិបសៃតិ៍រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ នៅកូរ៉េខាងត្បូង ដែលបានធ្វើឲ្យខូចកុំព្យូទ័រ ជាង៣ម៉ឺនគ្រឿង និងធ្វើមានការរាំងស្ទះ ក្នុងបណ្តាញធនាគារ។
នៅទំព័ររបស់វិបសៃតិ៍ ដែលត្រូវគេវាយប្រហារ កាលពីព្រឹកមិញ គេឃើញសារដែលសរសេរអបអរមេដឹក នាំកូរ៉េខាងជើង គីម ជុងអ៊ុន និងថា ការវាយប្រហារលើកនេះជាស្នាដៃរបស់ក្រុមចោរអ៊ិនធ័រណេតអនាមិក។
អាចថា ស្វាយកបាយលាបមាត់ពពែ ព្រោះក្រុមអនាមិក ដែលគេស្គាល់ថា មានជំនាញខាងចូលលួច ឬវាយប្រហាររបស់វិបសៃតិ៍អ្នកដទៃ បានបដិសេធការចោទប្រកាន់ក្នុងរឿងវាយប្រហារលើកនេះ។ នៅក្នុងTwitters របស់ខ្លួន ក្រុមអនាមិកបានសរសេរថា ពួកគេមិនបានចូលវាយប្រហារវិបសៃតិ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងទេ។ ផ្ទុយទៅវិញ ពួកគេជាអ្នកវាយប្រហារលើវិបសៃតិ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង ក្នុងនោះមានរួមទាំងទីភ្នាក់ងារKCNAដែលជាទិនានុប្បវត្តិរបស់បក្ស កុម្មុយនិស្តកូរ៉េខាងជើង។ វិបសៃតិ៍របស់កូរ៉េខាងជើង បានបិទមួយរយៈ កាលពីព្រឹកមិញ មុននឹងចាប់ដំណើរការឡើងវិញ នៅប៉ុន្មានម៉ោងក្រោយមក។
ដើម្បីទប់ទល់នឹងការវាយប្រហារព័ត៌មានវិទ្យា កូរ៉េខាងត្បូងបានពង្រឹងសមត្ថភាពព័ត៌មានរបស់ខ្លួន។ ជាក់ ស្តែង ក្រសួងការពារជាតិបានបង្កើតស្ថាប័នកងកម្លាំងពិសេស នៅឆ្នាំ ២០១០ដើម្បីទប់ទល់នឹងការវាយ ប្រហារតាមអ៊ីនធ័រណេត។ នៅឆ្នាំ ២០១២ ដោយសហការជាមួយសកលវិទ្យាល័យ កូរ៉េ ក្រសួងការ ពារ ជាតិកូរ៉េខាងត្បូង បានបង្កើតសាលាមួយ ដែលបណ្តុះបណ្តាលនិស្សិត ខាងផ្នែកសង្រ្គាមព័ត៌មានវិទ្យា៕ ដោយ ឈាង បុប្ផា (RFI)