ព្រះសង្ឃកម្ពុជា បាតុកម្មដាក់ញាត្ដិទៅកាន់ស្ថានទូតវៀតណាម
Cambodia News
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ មិថុនា នេះ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រមាណ៥០អង្គ បានដង្ហែក្បួនបាតុកម្ម ដាក់ញាត្តិទៅកាន់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា សុំឲ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ពីរអង្គ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើខ្មែរក្រោម។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម មានថេរដីកាថា បាតុកម្មនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យ អាជ្ញាធរវៀតណាម ដោះលែងជាបន្ទាន់ នូវព្រះសង្ឃចំនួន ពីរអង្គ គឺព្រះតេជគុណ លីវ នី និងព្រះតេជគុណ ថាច់ ធឿន ដែលបានបាត់ខ្លួន បន្ទាប់ពីព្រះតេជគុណមួយអង្គ ព្រះនាម លី ចិន្តា ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងធ្វើទារុណកម្មវាយដំ ចាក់ថ្នាំ រហូតដល់បាត់បង់ស្មារតី និងបែកពពុះមាត់ជាប្រចាំ។
ព្រះតេជគុណ ព្រះនាម លី ចាន់នេត ឲ្យដឹងដែរថា កន្លងមក អាជ្ញាធរវៀតណាម បានគំរាមកំហែង បំបិទសិទ្ធិសេរីភាព ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដោយចាប់ខ្លួនពួកគេយកទៅសួរនាំជាញឹកញាប់ និងចោទប្រកាន់ថា ចូលរួមចលនាប៉ះពាល់ប្រឆាំងនឹងអាជ្ញាធរវៀតណាម។
លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញមុខទទួលយកញត្តិពីក្រុមអ្នកតវ៉ា ដោយសន្យាថា នឹងបញ្ជូនកាន់ក្រសួងការបរទេសវៀតណាមជាមុន មុននឹងបញ្ជូនទៅកាន់ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម។
កាលពីខែមិថុនា ឆ្នាំ១៩៤៩ រដ្ឋការបារាំងសេស បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឬហៅថា ទឹកដីកូសាំងស៊ីន ទំហំ៦៨៩៥០គីឡូម៉ែត្រក្រឡា ស្មើនឹង២១ខេត្ត អោយទៅប្រទេសវៀតណាមគ្រប់គ្រងរហូតមកដល់សព្វថ្ងៃនេះ៕