លោក កឹម សុខា មិនចូលបំភ្លឺនៅតុលាការតាមបណ្តឹងលោក ជុំ ម៉ី
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកនឹងមិនចូលបំភ្លឺនៅតុលាការ តាមពាក្យបណ្តឹងរបស់លោក ជុំ ម៉ី ដែលចោទលោកពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងគុកទួលស្លែងនោះទេ។

នៅព្រឹកថ្ងៃអង្គារនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថា លោក កឹម សុខា នឹងមិនទៅចូលរួមការបំភ្លឺ រឿងក្តីនេះទេព្រោះនៅថ្ងៃពុធ ទី២៧ ខែមិថុនានេះ គឺជាការចាប់ផ្តើមដង្ហែក្បួនឃោសនាដ៏ធំ របស់គណបក្សសង្គ្រោះជាតិនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។
លោកបន្តថានេះជារឿងនយោបាយ ហើយថាគណបក្សនេះមិនយកចិត្តទុកដាក់ នឹងរឿងបុគ្គលម្នាក់ពីរនាក់នោះទេ ព្រោះពួកលោកយកចិត្តទុកដាក់សំខាន់គឺអាយុជីវិតប្រទេសជាតិ និងប្រយោជន៍ប្រជាពលរដ្ឋជារឿងសំខាន់ ដែលត្រូវជ្រើសរើសមេដឹកនាំថ្នាក់ជាតិខាងមុខ។
លោកបានបញ្ជាក់ម្តងទៀតថា លោក កឹម សុខា ក៏បានបញ្ជាក់រួចហើយថាលោកក៏ជាជនរងគ្រោះ ក្នុងរបបខ្មែរក្រហមដែរ ហើយបានបដិសេធនឹងការចោទប្រកាន់ ចំពោះអ្វីមាននៅក្នុងខ្សែអាត់សំឡេងដែលត្រូវបានគេកាត់តនោះ៕