គណបក្សនយោបាយចំនួន៥ គាំទ្រក្រមសីលធម៌ការឃោសនាបោះឆ្នោត និងស្ម័គ្រចិត្តបង្ហាញព័ត៌មានហិរញ្ញវត្ថុ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ក្នុងពិធីចុះហត្ថលេខារបស់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ក្រោមការរៀបចំរបស់អង្គការសង្គមស៊ីវិលចំនួន៧ គណបក្សនយោបាយចំនួន៥ បានចុះហត្ថលេខា បេ្តជ្ញាគាំទ្រក្រមសីលធម៌នៃការឃោសនាបោះឆ្នោត និងស្ម័គ្រចិត្តបង្ហាញព័ត៌មានពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ឃោសនារបស់គណបក្សខ្លួន។
លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក និងជាប្រធានគណៈកម្មាធិការនាយក នៃអង្គការខុមហ្វ្រែល មានប្រសាសន៍ថា រយៈពេលនៃការឃោសនាបោះឆ្នោត គឺជាដំណាក់កាលមួយ ដែលមានលក្ខណៈប្រឈមមុខដាក់គ្នា ទាក់ទងនឹងគោលនយោបាយបក្សរបស់ខ្លួន។
ហេតុដូចនេះលោកយល់ថា គោលការណ៍ក្រមសីលធម៌ នៃការឃោសនាបោះឆ្នោត មានសារៈសំខាន់ ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចប្តេជ្ញាចិត្ត ចូលរួមប្រកួតប្រជែងដោយយុត្តិធម៌។
ការដែលមិនគោរពក្រមសីលធម៌ ឲ្យបានត្រឹមត្រូវនេះ វាអាចធ្វើឲ្យមានលេចចេញនូវភាពមិនប្រក្រតី ក៏ដូចជានូវអំពើហិង្សាមួយចំនួនអាចនឹងកើតមាន ក្នុងដំណាក់កាលដ៏សំខាន់នេះ ហើយប្រសិនជាមានភាពមិនប្រក្រតី និងអហិង្សានៅក្នុងដំណាក់កាលនេះកើតឡើង គឺវាអាចនឹងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើដំណើរការនៃការបោះឆ្នោត ការគោរពក្រមសីលធម៌នេះ គឺជាកត្តាមួយសំខាន់ផងដែរ ដើម្បីញ៉ាំងឲ្យដំណើរការ បោះឆ្នោតរបស់យើង ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
គណបក្សចំនួន៥ ដែលចូលរួមចុះហត្ថលេខា គោរពនូវក្រមសីលធម៌ឃោសនាបោះឆ្នោតនេះ រួមមាន គណបក្សខ្មែរឈប់ក្រ គណបក្សសង្គ្រោះជាតិ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ ដោយឡែកកិច្ចប្រជុំនេះ មិនមានវត្តមានតំណាងនៃគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិខ្មែរ និងគណបក្សហ៊្វុនស៊ិនប៉ិច៕