លោក ជា មុនី ព្រមានធ្វើបាតុកម្ម រកយុត្តិធម៌ឲ្យកម្មកររោងចក្រសាប្រ៊ីណា
Cambodia News
ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ព្រមានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ នារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនានេះ ដើម្បីទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺ លើកលែងការចោទប្រកាន់ ទៅលើបុគ្គលិកសហជីពសេរីកម្មករ និងកម្មកររោងចក្រសាប្រ៊ីណាចំនួន ៨នាក់ កំពុងជាប់ឃុំខ្លួន។
នៅព្រឹកថ្ងៃចន្ទនេះថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ខាងមុខនេះ ក្រុមការងាររបស់លោក នឹងដឹកនាំកម្មករ-កម្មការិនីប្រមាណជា ២៥០ នាក់ ដង្ហែក្បួនពីទីលានប្រជាធិបតេយ្យ ដើម្បីយកញត្តិទៅដាក់នៅស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស ឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុនបញ្ជាទិញទំនិញពីក្រុមហ៊ុន សាប្រ៊ីណា ឲ្យដោះលែងសមាជិកសហជីពសេរីកម្មករ និងកម្មកររោងចក្រសាប្រ៊ីណា ចំនួន១៦នាក់នោះ ឲ្យមានសេរីភាពឡើងវិញ។
លោក ជា មុនី ព្រមានថាបើសាលារាជធានីភ្នំពេញ មិនផ្តល់ទីតាំងនៅទីលានប្រជាធិបតេយ្យ ដើម្បីឲ្យក្រុមការងាររបស់លោក និងកម្មករ-កម្មការិនីធ្វើបាតុកម្មអហិង្សាទេនោះ លោកនឹងរកមធ្យោបាយផ្សេងទៀត ដើម្បីធ្វើបាតុកម្មតាមការគ្រោងទុករបស់លោកផងដែរ។
គួរបញ្ជាក់ថា សហជីពសេរីកម្មករ នៃព្រះរាជាណាក្រកម្ពុជា និងកម្មកររោងចក្រសាប្រ៊ីណា ស្ថិតក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន៨នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា និងផ្តើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស និងត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ស្ពឺជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣កន្លងមក៕