អាមេរិក​និយាយ​ធានា​ឥណ្ឌា​ពី​រឿង​អាមេរិក​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន

ប្រមុខ​ការបរទេស​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ញូវដេលី កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ។ ជាទស្សន កិច្ច​លើកទីមួយ របស់​លោក​John Kerry ចាប់តាំងពី​គាត់​បាន​ចូល​កាន់តំណែង​ជា​រដ្ឋមន្រ្តី ការបរទេស​អាមេរិក។ វត្តមាន​របស់​ប្រមុខ​ការបរទេស​អាមេរិកធ្វើឡើង​ដើម្បី​ធានា​បញ្ជាក់​ភាព​ជា​ដៃគូ​របស់​អាមេរិក​ជាមួយ ឥណ្ឌា។

នៅ ​មុន​ដំណើរ​ទៅដល់​ឥណ្ឌា ប្រមុខ​ការបរទេស​អាមេរិក​បាន​ប្រកាស​រួចហើយ ពី​ជំហរ​របស់​រដ្ឋបាល​លោកអូបាម៉ា ក្នុងការស្វាគមន៍ និង​គាំទ្រ ឥណ្ឌា​ក្នុង​នាម​ជា​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រះ​ត្រចះត្រចង់។ ឥណ្ឌា​ដែល​ខ្លាំង ទាក់ទង​ជានិច្ច​នឹង​ផលប្រយោជន៍​ជាតិ​អាមេរិក។ នេះ​ជា​ការអះអាង​របស់​លោក​John Kerry។

លោក​John Kerry ធ្វើដំណើរ​ទៅ​ឥណ្ឌា ដើម្បី​បញ្ជាក់​ផងដែរ ពី​ទំនាក់ទំនង​ទ្វេភាគី ស្អិតល្មួត​ជាមួយ ទីក្រុង​ញូវដេលី និង​ធានា​ដល់​រដ្ឋាភិបាល​ឥណ្ឌា​កុំ​ឲ្យ​ព្រួយ​បារម្ភ ពី​បញ្ហា​សន្តិសុខ បើទោះជា​កងទ័ព​អាមេរិក​ត្រូវ​ដក​ចេញ​ឲ្យ​អស់​ពី​អាហ្វហ្កានីស្ថាន ក្តី។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ត្រូវ​និយាយ​ធានា​ប្រជាជន​ឥណ្ឌា ដែល​មិន​សប្បាយ​ចិត្ត​ទេ​ដែល​ឃើញលោក​John Kerry មាន​ជំហរ​​យោគយល់​ច្រើន​ជាមួយ​មន្រ្តីយោធា​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​របស់​ឥណ្ឌា។ មួយវិញទៀត ឥណ្ឌា​ព្រួយ​បារម្ភ​ពី​សន្តិសុខ​ជាតិ ន្ទាប់ពី​ឃើញ​អាមេរិក​ត្រូវ​ដក​កងទ័ព​របស់ខ្លួន​ឲ្យ​អស់​ចេញ​ពី​ទឹកដី​ អាហ្វហ្កានីស្ថាន នៅឆ្នាំក្រោយ ហើយ​អាមេរិក​នេះ​ទៀត ក៏​កំពុង​គ្រោង​ចរចា​ជាមួយ​ពួកតាលីបង់។

និយាយ​ឲ្យ​ចំ គឺ​ឥណ្ឌា ​ខ្លាច​ពួកតាលីបង់ ដែល​ភាគច្រើន កំពុង​បោះទីតាំង​ក្នុង​ប្រទេស​ប៉ាគីស្ថាន ត្រឡប់​ចូល​ទៅកាន់​អំណាច​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ពួកតាលីបង់​នេះ ធ្លាប់​បាន​ស្បថ​ហើយ​ថា នឹង​ធ្វើជា​សត្រូវ​ជាមួយ​ឥណ្ឌា។

ក្នុង​ទស្សនកិច្ច​រយៈពេល​បីថ្ងៃនៅ ឥណ្ឌា លោក​John Kerry គ្រោង​នឹង​ជួប​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅថ្ងៃ​ចន្ទនេះ។ ក្រៅតែ ពី​រឿង​សន្តិសុខ ប្រមុខការបទេស​អាមេរិក​គ្រោង​នឹង​ជជែក​ផងដែរ ជាមួយ​ភាគី​ឥណ្ឌា​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ អម​ដោយ​មន្រ្តី និង​អ្នកជំនាញ​ខាង​ផ្នែក​ថាមពល ប្រមុខ​ការបរទេស​អាមេរិក​មាន​នាទី​បញ្ចុះបញ្ចូល​ឥណ្ឌា​ឲ្យ​ចូលរួម កាត់​បន្ថយ​ឧស្ម័ន​ពុល​កាបូនិក ក្នុងពេល​ដែល​ឥណ្ឌា​កំពុង​មាន​ឧស្សាហកម្ម​ទើប​រីកលូតលាស់ និង​ការអភិវឌ្ឍន៍​ទីក្រុង​យ៉ាងឆាប់​រហ័ស៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close