គជប ការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតបានជិត ៧០ភាគរយ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២១ មិថុនា នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជបឲ្យដឹងថា ការចែកប័ណ្ណព័ត៌មានបណ្តោះអាសន្នដល់អ្នកបោះឆ្នោត រយៈពេល២០ថ្ងៃមកនេះ អស់ជិត៧លានសន្លឹក ក្នុងចំណោមប័ណ្ណព័ត៌មានជិត១០លានស្លឹក។
លោក ស៊ិន ឌឹម សមាជិក គជប មានប្រសាសន៍ថា ការធ្វើចែកប័ណ្ណព័ត៌មានចាប់ផ្តើមនៅថ្ងៃទី១មិថុនា ដល់ថ្ងៃទី២០មិថុនា ឆ្នាំ២០១៣។ លោកថា លទ្ធផលចែកខិតប័ណ្ណបណ្តោះអាសន្នពីក្រុមប្រឹក្សាឃុំ សង្កាត់ និងរាជធានីខេត្ត គឺចែកអស់ចំនួន ៦,៧៥៥,៧៥៦សន្លឹក (ប្រាំមួយលានប្រាំពីររយហាសិបប្រាំពាន់ប្រាំពីរ រយហាសិបប្រាំមួយ) ស្មើ ៦៩,៨២ភាគរយ។
ចំណែកខិតប័ណ្ណនៅសល់មានចំនួន ២,៩១៩,៦៩៧សន្លឹក(ពីរលានប្រាំបួនរយដបប្រាំបួនពានប្រាំមួយកៅ សិបប្រាំពីរ)ទៀត នឹងត្រូវចែកបន្តរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៥:៣០ល្ងាច។
លោក ស៊ិន ឌឹម បញ្ជាក់ទៀតថា ខិតប័ណ្ណនេះ មិនអាចយកទៅប្រើប្រាស់ពេលបោះឆ្នោតបានទេ គឺគ្រាន់តែជាប័ណ្ណសំគាល់មួយសម្រាប់ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាយយល់ពីថ្ងៃ ខែ ឆ្នាំ ដែលត្រូវទៅបោះឆ្នោត ងាយស្រួលស្វែងរកការិយាល័យ រកបញ្ជីឈ្មោះបោះឆ្នោតនឹងងាយស្រួលដល់អាជ្ញាធរផ្ទៀងឈ្មោះក្នុង បញ្ជីជូនពួកគាត់។
ម្យ៉ាងទៀត ធ្វើឲ្យពួកគាត់អាចដឹងពីឯកសារណាមួយ ដែលត្រូវភ្ជាប់មកតាមខ្លួនពេលទៅបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។ លោកបន្តថា ចំពោះពលរដ្ឋណា ដែលមិនទាន់បានទទួលប័ណ្ណបណ្តោះអាសន្ន ត្រូវទៅយកនៅឃុំសង្កាត់របស់ខ្លួន៕