ព្យុងយ៉ាង​ចង់​យក​គំរូ​ដឹក​នាំ​ប្រទេស​​តាម​អ៊ីត្លែរ

លោក គីម ជុងអ៊ុន អគ្គមគ្គុទេសក៍​​ដ៏​ក្មេង​ខ្ចី​របស់​កូរ៉េខាង​ជើង បាន​ផ្តល់​អំណោយ​ជា​សៀវភៅ​សរសេរ​ពីប្រវត្តិ​ដឹកនាំ​​របស់ អ៊ីត្លែរ ដែល​មាន​ចំណង​ជើង​ថា “Mein Kampf” ឬ “ការ​ប្រយុទ្ធ​របស់​ខ្ញុំ” ទៅ​​បណ្តា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​​​កុម្មុយនិស្ត​​​ជា​ច្រើន ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍ដឹកនាំ​របស់​មហាហ្វាស៊ីសអ៊ីត្លែរ​អាល្លឺម៉ង់ យក​មក​អនុវត្ត​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្តល់​ដោយ​ក្រុម​អ្នក​ផ្តាច់​ខ្លួន​ពី​របប​ កុម្មុយនិស្ត​ព្យុងយ៉ាង តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

“Mein Kampf”  ឬ “ការ​ប្រយុទ្ធ​របស់​ខ្ញុំ” បក​ប្រែ​ស្អាត​ជា​ភាសា​កូរ៉េ ហើយ​ចែក​ចាយ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​​កុម្មុយនិស្ត​ នា​ឱកាស​បុណ្យ​កំណើត​របស់​លោក គីមជុងអ៊ុន កាលពី​ខែ​​មករា។ នេះ​បើ​តាម​ New Focus International ដែល​បាន​គូស​បញ្ជាក់​ថា អំណោយ​ដ៏​សំងាត់​នេះ ទើប​ត្រូវ​បាន​អ្នក​ទទួល​ខុស​​កូរ៉េខាង​ជើងមិន​បញ្ចេញ​ឈ្មោះ​ ធ្វើ​ការ​នៅ​ចិន បង្ហើប​ឱ្យ​ដឹង​​ និង​ត្រូវ​បាន​សារព័ត៌មានកូរ៉េខាង​ត្បូង​ចុះ​ផ្សាយ​បន្ត​នៅ​ថ្ងៃ​ពុធ​ទី ១៩​មិថុនា​នេះ។

បើ​តាម​ប្រភព​ដដែល លោក គីមជុងអ៊ុន បាន​បញ្ជា​ឱ្យ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ទាំងអស់ សិក្សា និង​ពិចារណា​ឱ្យ​បានល្អិត​ល្អន់​ រួច​យក​មក​អនុវត្ត​តាម​ ក្នុង​ការ​ដឹកនាំ​ប្រទេស។ សម្រាប់​លោក គីមជុងអ៊ុន ដែល​មាន​ជំនក់​ចិត្ត​សិក្សា​ពី​ប្រវត្តិ​អ៊ីត្លែរ តាំង​ពី​លោក​នៅ​សិក្សា​នៅ​ប្រទេស​ស្វីស​ បាន​លើក​ឡើង​ថា អ៊ីត្លែរ​អាច​កសាង​អាល្លឺម៉ង់​​ឱ្យ​មាន​មុខ​មាត់​និង​អំណាច​ ក្រោយ​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​ ក្នុង​ពេល​ដ៏​ខ្លី ដូច្នេះ​កូរ៉េខាង​ជើង​​ត្រូវ​ចេះ​ទាញ​យក​គំរូ​ដ៏​ល្អនេះ​។ តួនាទី​ដ៏​សំខាន់​របស់​កីឡា ក្នុងប​ង្រួប​បង្រួម​ប្រទេស​អាល្លឺម៉ង់​ ដែល​ពួក​ណាស្ហ៊ី​បាន​រៀប​គម្រោង​ឡើង ជា​ចំណុច​​លើក​ទឹកចិត្ត​ដែល​​មេដឹកនាំ​កូរ៉េខាង​ជើង​ ត្រូវ​ជំរុញ​ឱ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ហ្វឹកហាត់​កាយ​សម្បទា​ ធ្វើ​កីឡា។

សូម​បញ្ជាក់ថា “Mein Kampf”  ឬ “ការ​ប្រយុទ្ធ​របស់​ខ្ញុំ” ត្រូវ​បាន​សរសេរ​ឡើង​ដោយ​អ៊ីត្លែរ ពេល​កំពុង​ជាប់​ឃុំ​ឃាំង​ ក្នុង​ឆ្នាំ​១៩២៤ ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ ខ្លឹមសារ​នៃ​សៀវភៅ​ជា​ការ​រៀប​រាប់​ជីវប្រវត្តិ​ផ្ទាល់ផង និង​អំពី​មនោគមន៍​វិជ្ជា​ហ្វាស៊ីស​របស់​ Adolf Hitlerផង។ ចាប់​ពី​ឆ្នាំ​១៩៣៦​មក សៀវភៅ​នេះ​បាន​ក្លាយ​ជា​រង្វាន់​រដ្ឋ​ដល់​រាល់បណ្តា​គូស្វាមី​ភរិយា​ អាល្លឺម៉ង់​​ថ្មី៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close