ហ៊ុន សែន ស្នើឲ្យកម្មករត្រូវថែរក្សារោងចក្រកាត់ដេរ
Cambodia News
ខេត្តកណ្តាល ៖ នៅក្នុងពិធីសម្ពោធអគារសិក្សានៅវិទ្យាល័យពីរកន្លែង ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ មិថុនា នេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានស្នើឲ្យបងប្អូនកម្មករ និងកម្មាការនី ត្រូវថែរក្សារោងចក្រកាត់ដេរ។

ការអំពាវនាវនេះ បានធ្វើឡើងសារជាថ្មី ដោយប្រមុខរាជរដ្ឋាភិបាល ក្រោយពេលដែលរោងចក្រកាត់ដេរកម្ពុជាមួយចំនួន បានប្រឈមមុខនឹងការបិទទ្វារដោយសារតែបាតុកម្ម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រ គឺជាឆ្នាំងបាយ មិនត្រូវធ្វើបាតុកម្មតវ៉ាអ្វី ដែលនាំឲ្យថៅកែខឹងសម្បារ ហើយដកទុនឈប់វិនិយោគនៅកម្ពុជាឡើយ។
គួររំលឹកដែរថា នៅត្រីមាសទី១ដើមឆ្នាំនេះ ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេអះអាងថាបានចំណាយប្រមាណជា៧៥៣លានដុល្លារ លើការនាំចូលវត្ថុធាតុដើម នឹងលក់ចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ បានតម្លៃ១,៣៤ពាន់លានដុល្លារ ។
សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា បានអះអាងថា នៅក្នុងរង្វង់៣ខែ ដើមឆ្នាំ២០១៣នេះ តម្លៃនៃការនាំចេញផលិតផលសម្រេច របស់ឧស្សាហកម្មនៅកម្ពុជា គឺកើន១៧,៥% រីឯតម្លៃនៃការនាំចូលវត្ថុធាតុដើមវិញ គឺកើន១៨,៣% ។
សព្វថ្ងៃនេះផលិតផលកាត់ដេរត្រូវ បានគេដឹងថា គឺមានទំហំប្រមាណជា៨០% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ខណៈដែលមកដល់ពេលនេះ រោងចក្រដែលជាសមាជិកនៃរោងចក្រកាត់ដេរនៅកម្ពុជាគឺមានប្រមាណជា៥០០ រោងចក្រ ៕