ក្រុមហ៊ុន Google ចង់បានតម្លាភាពរវាងក្រុមហ៊ុន និងអ្នកប្រើសេវាកម្មរបស់ខ្លួន
ក្រុមហ៊ុនអ៊ីនធើរណិត Google ដ៏ធំរបស់អាម៉េរិកបានស្នើសុំឲ្យតុលាការពិសេសរបស់អាម៉េរិកអនុញ្ញាត ឲ្យក្រុមហ៊ុនបោះពុម្ពផ្សាយនូវតួលេខសរុបនៃការស្នើសុំរបស់ ទីភ្នាក់ងារស៊ើបការសម្ងាត់អាម៉េរិក ដែលតម្រូវឲ្យក្រុមហ៊ុនបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់សេវា ខ្លួន។
ក្រុមហ៊ុន អ៊ីនធើរណិត Google នេះបានធ្វើសំណើនេះទៅតុលាការឃ្លាំមើលកិច្ចការស៊ើបការសម្ងាត់ របស់អាម៉េរិក ដែលជាផ្នែកមួយនៃច្បាប់ក្នុងការទទួលបានសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ។
ក្រុមហ៊ុន Google និយាយថា ខ្លួនចង់ធ្វើឲ្យមានតម្លាភាពជាមួយអ្នកប្រើប្រាស់សេវារបស់ខ្លួន ឲ្យកាន់តែខ្លាំងឡើង ទាក់ទងនឹងសំណើសុំទិន្នន័យពីទីភ្នាក់ងារស៊ើបការសម្ងាត់ ប្រិនបើមានការស្នើសុំណាមួយ។
ការសម្រេចធ្វើយ៉ាងនេះ គឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាម៉េរិកដូចជាក្រុមហ៊ុន Microsoft, Facebook និងក្រុមហ៊ុន Apple បានបញ្ចេញឲ្យដឹងនូវព័ត៌មានខ្លះៗអំពីចំនួនសំណើសុំឃ្លាំមើល ព័ត៌មានអ្នកប្រើពីសំណាក់អាជ្ញាធរ នៅក្រោមកិច្ចព្រមព្រៀងមួយដែលក្រុមហ៊ុនទាំងនេះបានធ្វើជាមួយ នឹងរដ្ឋាភិបាលអាម៉េរិកកាលពីសប្ដាហ៍មុន៕ (Radio Australia)