ក្រុមហ៊ុន Yahoo បញ្ចេញទិន្នន័យអ្នកប្រើប្រាស់ឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់អាម៉េរិក
ក្រុមហ៊ុនអ៊ីនធើរណិត Yahoo ដ៏ធំមួយរបស់អាម៉េរិកនិយាយថា បណ្ដាទីភ្នាក់ងារពង្រឹងច្បាប់នៅអាម៉េរិកបានស្នើសុំទិន្នន័យពី ក្រុមហ៊ុន Yahoo ចំនួនពី ១ម៉ឺន ២ពាន់ ទៅ១ម៉ឺន៣ពាន់សំណើក្នុងរយៈពេល៦ខែកន្លងទៅនេះ។
ថ្មីៗ នេះ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើរណិតកំពុងរងសម្ពាធ ឲ្យមានការបញ្ចេញឲ្យដឹងនូវព័ត៌មានជាក់លាក់អំពីទំនាក់ទំនង សហប្រតិបត្ដិការរវាងក្រុមហ៊ុន និងទីភ្នាក់ងារស៊ើបការសម្ងាត់អាម៉េរិក។
ការនិយាយឲ្យដឹងនេះ គឺធ្វើឡើងក្រោយពីមានការលេចធ្លាយឯកសារជាច្រើនដែលបង្ហាញឲ្យឃើញ ថា ទីភ្នាក់ងារស៊ើបការសម្ងាត់អាម៉េរិកបានទទួលទិន្នន័យព័ត៌មានរបស់ អតិថិជនអ្នកប្រើប្រាស់សេវាអ៊ីនធើរណិតពីបណ្ដាក្រុមហ៊ុនបច្ចេក វិទ្យាទាំងនោះអស់ពេលច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុន Yahoo និយាយថា ការសើ្នសុំទិន្នន័យនេះភាគច្រើនគឺទាក់ទងនឹងបញ្ហាចាប់ជំរិត មនុស្ស, ឃាតកម្ម និងការក្លែងបន្លំ។
ក្រុមហ៊ុនក៏បានបន្ថែមថា សំណើខ្លះត្រូវបានធ្វើឡើងក្រោមច្បាប់របស់អាម៉េរិកស្ដីអំពីការ ឃ្លាំមើលកិច្ចការស៊ើបការសម្ងាត់បរទេស៕ (Radio Australia)