ពលរដ្ឋខ្មែររងគ្រោះដោយការជួញដូរនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ
ពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលរងគ្រោះដោយការជួញដូរ ដោយមេខ្យល់បោកយកទៅធ្វើការជាកម្មករខុសច្បាប់លើទូកនេសាទថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានធ្វើការងារជាមួយអាជ្ញាធរឥណ្ឌូនេស៊ីជួយសង្គ្រោះ។
តាមការឲ្យដឹងពីលោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការជួយសង្គ្រោះនេះឡើងនៅពេលទូកនេសាទថៃ ចូលនេសាទខុសច្បាប់ក្នុងដែនទឹកប្រទេសឥណ្ឌូនេស៊ី។
លោក កុយ គួង បានឲ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងយ៉ាងល្អជាមួយអង្គការទេសន្ដរប្រវេសន៍អន្តរជាតិ (IOM) ពលរដ្ឋខែររងគ្រោះទាំង ៤នាក់ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ពីប្រទេសឥណ្ឌូនេស៊ី មកដល់មាតុប្រទេសយើងវិញនៅថ្ងៃទី២៧ មេសា ២០១២ វេលាម៉ោង ១០ និង ២០នាទីព្រឹក៕