លោករ៉ុងឈុនដឹកនាំពលរដ្ឋបុរីកីឡាមកជួបជុំនៅសួនប្រជាធិបតេយ្យ
នៅព្រឹកថ្ងៃទី២៦ មេសា ២០១២ ក្រុមពលរដ្ឋរស់នៅសហគមន៍បុរីកីឡា ដែលត្រូវបានបណ្ដេញចេញកាលពីដើមខែមករា បានជួបជុំនៅសួនសេរីភាព ឬទីលានប្រជាធិបតេយ្យ លើសួនច្បារផ្សារចាស់ជិតវត្តភ្នំ ដើម្បីតវ៉ាទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារផ្ទះល្វែង ២ បន្ថែមទៀតតាមកិច្ចសន្យាពីដំបូង។
ពិធីជួបជុំនោះ គ្រោងធ្វើឡើងតាំងពីម៉ោង ៧ និង ៣០ នាទីព្រឹក។ ប៉ុន្តែរហូតដល់ម៉ោង ៨ និង ៣០ នាទីព្រឹក ទើបពលរដ្ឋបុរីកីឡាប្រមាណជា ៥០ នាក់ ជួបជុំលើកបដា និងថ្លែងសាទុក្ខពីការបណ្ដញចេញដោយបង្ខំនៅបុរីកីឡា កាលពីដើមខែមករា ឆ្នាំ២០១២។
លោក រ៉ុង ឈុន បានឲ្យដឹងថា ការហែក្បួនគ្រោងនឹងដើរចេញពីមហាវិថីព្រះនរោត្តម ពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់ផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីសម្តេចប្រមុខរាជរដ្ឋាភិបាល។
ប៉ុន្តែដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខាងសាលាក្រុង បានជួបប្រជុំជាមួយនឹងតំណាងសមាគមគ្រូបង្រៀនរបស់លោករ៉ុងឈុន ដោយអនុញ្ញាតឲ្យលោករ៉ុង ឈុន ដឹកនាំពលរដ្ឋបុរីកីឡាជួបជុំលើទីលានប្រជាធិបតេយ្យ ហើយឲ្យពលរដ្ឋបុរីកីឡាដើរហែក្បួនត្រឹមតែតំណាង ២០ នាក់ប៉ុណ្ណោះ និងធ្វើដំណើរតាមផ្លូវតូច មិនមែនមហាវិថីព្រះនរោត្តមទេ៕