ទីក្រុងព្យុងយ៉ាងបបួលអាមេរិកជជែកអំពីការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ
រដ្ឋាភិបាលកូរ៉េខាងជើងបានស្នើទៅ សហរដ្ឋអាមេរិកឱ្យរៀបចំកិច្ចចរចាថ្នាក់មន្ត្រីជាន់ខ្ពស់ ដើម្បីជជែកគ្នាអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពតានតឹងនៅក្នុងតំបន់ ឧបទ្វីបកូរ៉េ។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃអាទិត្យនេះ ដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង ដោយដកស្រង់សម្តីរបស់គណកម្មការការពារជាតិរបស់ប្រទេស កុម្មុយនីសមួយនេះ។
ជាព័ត៌មានដ៏កម្រមួយនៅក្នុងសំណុំរឿងកម្មវិធីអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង។ រដ្ឋាភិបាលកុម្មុយនីសខាងលើស្រាប់តែបបួលសហរដ្ឋអាមេរិកជជែកអំពី កម្មវិធីអាវុធនុយក្លេអ៊ែរ និងការបន្ធូរភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង។
សារព័ត៌មានដដែលផ្សាយឱ្យដឹងថា របបព្យុងយ៉ាងបានស្នើទៅសហរដ្ឋអាមេរិកឱ្យរៀបចំការជជែកពិភាក្សា ថ្នាក់ខ្ពស់មួយរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកអំពីការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពក្នុងឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបានប្រាប់ឱ្យទីក្រុងវ៉ាស៊ីនតោនកំណត់ពេលវេលា និងទីកន្លែងជួបប្រជុំថែមទៀត។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងដែលដកស្រង់សេចក្តីប្រកាសរបស់ក្រសួង ការពារជាតិដ៏មានឥទ្ធិពលរបស់ខ្លួននោះបានសរសេរថា កូរ៉េខាងជើងមានបំណងបើកកិច្ចពិភាក្សាម៉ត់ចត់មួយស្តីពីបញ្ហា ជាច្រើន រួមទាំងគោលបំណងរបស់សហរដ្ឋអាមេរិកដែលចង់ឃើញពិភពលោកគ្មានអាវុធ នុយក្លេ អ៊ែរទៀតផង។
ទន្ទឹមនឹងការហើបមាត់បបួលទីក្រុងវ៉ាស៊ីនតោន បើកចរចាទ្វេភាគីនេះ ទីក្រុងព្យុងយ៉ាងក៏បានព្រមានទីក្រុងវ៉ាស៊ីនតោន មិនឱ្យធ្វើអត្ថាធិប្បាយអ្វីផ្តេសផ្តាស ឬដាក់លក្ខខណ្ឌអ្វីមុនការជួបប្រជុំឡើយ នេះប្រសិនបើ សហរដ្ឋអាមេរិកចាប់អារម្មណ៍ក្នុងការងាររក្សាសន្តិភាព និងស្ថេរ ភាពនៅក្នុងតំបន់មែន រួមទាំងសន្តិសុខនៅលើទឹកដីអាមេរិកខ្លួនឯងផងនោះ។
កូរ៉េខាងជើងកំពុងតែដាក់ការទទួលខុសត្រូវទៅលើសហរដ្ឋអាមេរិក។ ទីក្រុងព្យុងយ៉ាងបានថ្លែងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរនៅ ក្នុងតំបន់ឧបទ្វីប ប៉ុន្តែបញ្ជាក់ថា ខ្លួនត្រូវរក្សាអាវុធអាតូមមិករបស់ខ្លួនដើម្បីការពារខ្លួនប្រឆាំង ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរអាមេរិក៕ដោយ លាង ដឺលុច (RFI)