ស្គាល់គ្នាតាមទូរស័ព្ទ នាងក្រមុំវ័យ17ឆ្នាំលង់ខ្លួន ត្រូវចាប់បង្ខាំង និងរំលោភ
Cambodia News
ខេត្ដកណ្ដាល ៖ កាលពីល្ងាចថ្ងៃទី១៣ មិថុនា បុរសម្នាក់ដែលជាប់សង្ស័យពីបទបង្ខាំងមនុស្សខុសច្បាប់ និងរំលោភសេពសន្ថវៈលើនារីម្នាក់ អាយុ១៧ឆ្នាំ បានត្រូវប៉ូលិសស្រុកកោះធំ ចាប់ខ្លួននៅផ្ទះរបស់ជននេះ ស្ថិតក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ។
ការចាប់ខ្លួននេះ គឺបន្ទាប់ពីជនសង្ស័យបានលួងលោមបោកបញ្ឆោតនារីរងគ្រោះ ហើយនាំយកលាក់ទុកនៅក្នុងផ្ទះខ្លួន រួចធ្វើសកម្មភាពរំលោភបានសម្រេចច្រើនលើក ។
លោក មុយ ចាន់ពេជ្រ អធិការប៉ូលិសស្រុកកោះធំឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន នេះឈ្មោះ ប៉េង សុវណ្ណ អាយុ២៧ឆ្នាំ ជាអ្នកចិញ្ចឹមត្រី ។ ជននេះត្រូវបានចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះពីបទ បង្ខាំងមនុស្សខុសច្បាប់ និងរំលោភសេពសន្ថវៈដែលបានប្រព្រឹត្ដចាប់ពីថ្ងៃទី១០ មិថុនា រហូតដល់ថ្ងៃទី១៣ មិថុនា ។
មន្ដ្រីប៉ូលិសឱ្យដឹងថា នៅក្នុងអំឡុងខែមិថុនា ជនសង្ស័យ និងនារីរងគ្រោះបានស្គាល់គ្នាតាមរយៈទូរស័ព្ទដែលមិត្ដភក្ដិជន សង្ស័យប្រាប់ ។ ចាប់ពីពេលនោះមក អ្នកទាំងពីរតែងតែទាក់ទងគ្នាតាមទូរស័ព្ទជាបន្ដបន្ទាប់ លុះមកដល់ថ្ងៃទី១០ មិថុនា វេលាម៉ោង៥និង១៥នាទីល្ងាច ជនសង្ស័យបានណាត់ជួបនារីរងគ្រោះ ដោយឱ្យប្អូនស្រីរបស់ខ្លួនឈ្មោះ ប៉េង ផាវី ឌុបជនរងគ្រោះពីផ្ទះឪពុកមារបស់នាងមកផ្ទះម្ដាយក្មេករបស់ប៉េង ផាវី ។
លុះនៅម៉ោង៧យប់ថ្ងៃដដែល ជនសង្ស័យបានយកម៉ូតូរបស់ខ្លួនទៅឌុបនារីរងគ្រោះមកផ្ទះរបស់ ខ្លួនទាំងយប់ ដោយបង្ខាំងនាងនៅលើផ្ទះទុកក្នុងបន្ទប់មិនឱ្យចុះដី ហើយនៅយប់ថ្ងៃទី១០ មិថុនា នោះជនសង្ស័យបានរំលោភនាងចំនួន២លើក និងនៅវេលាថ្ងៃត្រង់ថ្ងៃទី១១ មិថុនា រំលោភនាងចំនួន២លើកទៀត ។
ជាបន្ដបន្ទាប់នៅយប់ថ្ងៃទី១២ មិថុនា រំលោភនាងបានសម្រេចម្តងទៀត និងនៅថ្ងៃទី១៣ មិថុនា វេលាថ្ងៃត្រង់រំលោភនាងម្ដងទៀត ។ មន្ត្រីប៉ូលិសបានបញ្ជាក់ថា រយៈពេល៣ថ្ងៃដែលជនសង្ស័យធ្វើសកម្មភាពនោះគឺស្របពេលដែលឪពុក ម្តាយរបស់ជនសង្ស័យមិននៅផ្ទះ ហើយផ្ទះនោះនៅឆ្ងាយពីផ្ទះអ្នកភូមិថែមទៀតផង ។ បើទោះជាបែបនេះក្តី ប៉ូលិសកំពុងធ្វើការស្រាវជ្រាវ និងសាកសួរជនសង្ស័យ និងនារីរងគ្រោះគឺអាចជាករណីត្រូវរ៉ូវគ្នាផងដែរ ប៉ុន្តែដោយអាណាព្យាបាលមិនសុខចិត្ត និងរកកូនស្រីឃើញក៏ប្តឹងតែម្តងទៅ ។ ជនសង្ស័យត្រូវបានប៉ូលិសស្រុកកោះធំ កសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕