ព្រះសង្ឃ​ភូមា​បើក​ជំនួប​ប្រជុំ​ដោះស្រាយ​វិបត្តិ​ហិង្សា​សហគមន៍

ព្រះសង្ឃ​ពុទ្ធ​សាសនា​ភូមា មក​ពីគ្រប់​ជ្រុង​នៃ​ប្រទេស​​ បាន​មក​ជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​នៅជាយ​ទីក្រុង​ រ៉ង់ហ្គូន​ ដើម្បី​​ជជែក​ពិភាក្សា​​គ្នា ស្តីអំពី​វិបត្តិ​ហិង្សា​​សហគមន៍​ដែល​ភូមា​បានជួប​ប្រទះ​ក្នុង​ពេលកន្លង​មក។ អំពើ​ហិង្សា​សហគមន៍​ដែលសម្រាប់​ក្រសែ​ភ្នែក​អន្តរជាតិ គឺ​បណ្តាល​មក​​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​។

តំណាង ​ព្រះ​សង្ឃ​ជាង​ពីរ​រយ​អង្គ​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​មកចូល​ប្រជុំ​ នៅ​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​គ្នា​រក​​ដំណោះស្រាយ​រួម​ និង​ជួយ​រដ្ឋាភិបាល​​ ឈាន​ដល់​ការ​បិទ​បញ្ចប់​អំពើ​ហិង្សា​សាសនា​។ សង្ឃ​ដែល​ល្បី​ខាង​ធ្វើ​ឃោសនា​ប្រើ​ពាក្យ​វាយ​ប្រហារ​ស្អប់​ខ្ពើប​អ្នក​កាន់ ​សាសនា​អ៊ីស្លាម​ ក៏​មាន​វត្ត មាន​ក្នុង​អង្គ​ប្រជុំ​សង្ឃ​នេះ​ដែរ។

ការ​រើស​អើង​សាសនា​ នៅ​ភូមា​មិន​មែន​ជា​រឿង​ថ្មីថ្មោង​ទេ ហេតុការណ៍​នេះ​តែង​ត្រូវ​បាន​បំបិទ​ជិត អស់​ជាង​កន្លះ​សតវត្ស​មកហើយ​ដោយ​របប​សឹក​។ អំពើហិង្សា​សហគមន៍ បាន​ផ្ទុះ​ឡើង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាន​២០០​នាក់ ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ និង​ជាង​១៤​ម៉ឺន​នាក់​ភៀស​ខ្លួន​ ហើយ​ជន​រងគ្រោះ​ភាគច្រើន​ជា​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម។ ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ ដែល​ជា​បេះដូង​នៃ​ការ​ប្រយុទ្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចង្អុល​មុខ​ថា ជា​បុព្វហេតុ នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​។

ពុំ​​ឃើញ​មាន​ប្រតិកម្ម​អ្វី​ពី​ខាង​រដ្ឋាភិបាល​ទេ ប៉ុន្តែ​​តំណាង​សហគមន៍​សាសនា​អ៊ីស្លាម បាន​ស្វាគមន៍​ ចំពោះ​គំនិត​ផ្តួច​ផ្តើម​រក​ដំណោះស្រាយ​​ឱ្យ​វិបត្តិ​ហិង្សានេះ​​ និង​សង្ឃឹម​លើ​ព្រះ​សង្ឃ​ពុទ្ធ សាសនា​ ក្នុង​ការ​ជួយ​​ពន្យល់​ដល់​បណ្តា​ជន​ទូទៅ​ឱ្យ​ឈប់​មានគំនិត​ស្អប់​ខ្ពើម និង​មើល​អ៊ីស្លាម​ក្នុង​ផ្លូវ​អាក្រក់៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close