មន្ត្រីទាហ៊ានជើងចាស់ក្តៅក្រហាយចំពោះតារាកំប្លែង ពាក់មី
Cambodia News
ភ្នំពេញ៖ តារាកំប្លែងដែលកំពុងប្រជែងភាពល្បីល្បាញនៅក្នុងពិភពសិល្បៈលោក ពាក់មី បាននឹងកំពុងទទួលរងការវាយប្រហារយ៉ាងចាស់ដៃពីមន្ត្រីទាហ៊ានជើង ចាស់មួយចំនួន ជុំវិញភាពអសកម្មមួយចំនួននៅក្នុងសង្គមកម្ពុជា ពាក់ព័ន្ធនឹងការទទួលបានកិត្តិយសបុណ្យស័ក្តិ ពាក់ស័ក្តិ៤របស់តារាកំប្លែងរូបនេះ។
ក្រោយពេលហក់ចូលសង្វៀនសិល្បៈជាតារាកំប្លែងចំណាត់ថ្នាក់លេខមួយរបស់ ស្ថានីយទូរទស្សន៍ស៊ីធីអិននោះ ស្រាប់តែថ្មីៗនេះ បែកធ្លាយពីការទទួលបានបុណ្យយសស័ក្តិរបស់តារាកំប្លែងរូបនេះ គួរឲ្យភ្ញាក់ផ្អើល គឺពាក់ស័ក្តិ៤ ក្នុងរយៈពេលចូលបម្រើការងារមិនសូវទៀងទាត់រយៈពេលតែ១ឆ្នាំនោះ ខណៈដែលប្រជាជនធម្មតាបម្រើការងារជាមន្ត្រីទាហានអស់រយៈពេលជិត១០ ឆ្នាំ ឬក៏ជាង១០ឆ្នាំទៅហើយ ទើបតែពាក់ស័ក្តិ២ ស័ក្តិ៣នោះ។
នៅពេល ដែលឃើញរូបថតកាតរបស់នាយ ពាក់មី ត្រូវបានបង្ហោះនៅលើហ្វេសប៊ុកនោះ មន្ត្រីទាហាន បុគ្គលិករដ្ឋ និងឯកជនមួយចំនួនបានសម្តែងការមិនសប្បាយចិត្តចំពោះការទទួលបាន លាភសក្ការៈដោយងាយៗបែបនេះទេ ខណៈដែលបងប្អូនយុទ្ធជនអតីតសង្គ្រាមមួយចំនួនធំ ពិសេសបងប្អូនកងទ័ពនៅព្រះវិហារគ្មានបុណ្យស័ក្តិធំដុំអ្វីសោះ ទោះបីជាលះបង់ឈាមស្រស់អស់រយៈពេលស្ទើរពេញមួយជីវិតនោះ។
ការផ្លោះឡើងតំណែងលឿនស្លេវដោយមិនបានទទួល ការបណ្តុះបណ្តាលច្បាប់ទាហាននេះ ត្រូវបានទស្សនិកជនមួយចំនួននិយាយថា ដោយសារតែតារាកំប្លែងរូបនេះមានខ្សែធំ ឬក៏មានអ្នកមានអំណាចជួយពីក្រោយខ្នង ប៉ុន្តែយ៉ាងណារឿងពិតនៅមិនទាន់បានទទួលការបកស្រាយពីនាយពាក់មី នៅឡើយទេ៕