បារាំង និង​អង់គ្លេស ចង់​ឲ្យមាន​ជំនួយ​សព្វាវុធ​ជា​បន្ទាន់​ដល់ ក្រុម​ប្រឆាំង​ស៊ីរី

បន្ទាប់​ពី​វាយ​យក​បាន​ទីក្រុងគូសែ ពី​ក្រុម​អ្នកប្រឆាំងកាល​ពី​សប្តាហ៍​មុន ក្រុម​​យោធា​​របស់ រដ្ឋា ភិបាល​​​ទីក្រុង​​​ដាមាស​ ក្រោម​​ការ​​​ដឹកនាំ​​​របស់​ លោក បាសា អាល់ អាសាដ កាន់​​តែ​​មាន​​សន្ទុះ​ខ្លាំង​​​ឡើងៗ។ បញ្ហា​​​ទាំង​​​នេះ បាន​​​ធ្វើ​​ឲ្យ សហភាពអឺរ៉ុប មាន​​​ការ​​ព្រួយ​បារម្ភ ជា​​​ពិសេស​​​បារាំង និង​អង់គ្លេស ។ ​ប្រទេស​​​ទាំង​ពីរ​​​ចង់​​ឲ្យ​​​មាន​​​ជំនួយ​​​សព្វាវុធ​​​ជា​​​បន្ទាន់​​​ ដល់​​​ក្រុម​​អ្នកប្រឆាំង។

លោក Laurent Fabius រដ្ឋមន្រ្តី​ក្រសួង ការបរទេស​បារាំង បាន​ប្រកាស​តាម​ទូរទស្សន៍​កាល​ពី​ម្សិលមិញ ចង់​ឲ្យ​មាន​ស្មើភាព​គ្នា​មួយ លើ​កម្លាំង​សព្វាវុធ រវាង​ក្រុម​អ្នកប្រឆាំង​និង​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន។ ដោយ​លោក​បាន​អះអាង​ថា​វា ជា​ការ​បន្ទាន់​ណាស់ ដើម្បី ទប់ស្កាត់ ការ​វាយ​ដណ្តើម​យក ​ទីតាំង​ធំៗ​របស់​ក្រុមឧទ្ទាម​ជា​បន្តបន្ទាប់ ពី​សំណាក់ បក្សពួក លោក អាសាដ។

ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក ទាហ៊ាន​រដ្ឋាភិបាល​ស៊ីរី បាន​វាយ​ដណ្តើម​យក​បាន​ទីក្រុង គូសែ នៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​ស៊ីរី ។ ទីនោះ​ហើយ ជា​ទីតាំង​យុទ្ធសាស្រ្ត​សំខាន់​មួយ សម្រាប់ ការ​វាយលុក ​​បន្ត​ទៅ​ទីក្រុង អាឡេប ​ដែលជាកន្លែងសំខាន់មួយ​របស់​ក្រុម​បះបោរ។

បច្ចុប្បន្ន ទាហ៊ាន របស់​រដ្ឋាភិបាល​ស៊ីរី កំពុង​តែ​ធ្វើ​ការ​វាយ​ប្រហារ ទៅ​លើ​ក្រុម​ឧទ្ទាម​យ៉ាង ក្តៅ​គគុក។ គឺ​ពួក​គេ មាន​ការ​ជួយ ជ្រោមជ្រែង​ពី ចលនា​ហេបូឡា នែ​ប្រទេស​លីបង់ និង​ប្រទេស អ៊ីរ៉ង់។ យើង​ក៏​ដឹង​ផង​ដែរ​ថា កន្លងមក​​ រូស្ស៊ី ជាប្រទេសផ្ដល់សព្វាវុធ​ធំ​ជាង​គេ​ដល់​រដ្ឋាភិបាល​ទីក្រុង​ដាមាស។

សូម​រម្លឹក​ផង​ដែរ​ថា កាល​ពី​ចុង​សប្តាហ៍មុន សហរដ្ឋអាមេរិក និង​រូស្ស៊ី​បាន ប្រកាស​បើក​សន្និសីទ​​សន្តិភាព​​​មួយ នៅ​ទីក្រុង ហ្សឺណែវ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី តែ​ការ​រៀបចំ​ខាងលើ​ ត្រូវ​បាន​លុបចោល ទៅ​វិញ​​ដោយ​សារ ភាគី​ក្រុម​អ្នកប្រឆាំង បដិសេធ​ក្នុង​ការ​ចូលរូម។ គឺ​ភាគី​ប្រឆាំង រដ្ឋាភិបាល​ស៊ីរី បាន​គម្រាម​ ដល់​សហគមន៍​អន្តរជាតិ​ផង​ដែរ​ថា​គេ​នឹង​មិន​ចូល​តុ​ចចា​ណា​​មួយ​​ទេ​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិនទាន់​បាន​ទទួល​ការ​ឧត្ថម​ជា សព្វាវុធ​ ពី​​សហគមន៍​អន្តរជាតិ។

នៅ​ក្នុង​រឿង​នេះ ភាគី​បារាំង និង​អង់គ្លេស ក៏នៅ​មាន​ភាព​ទាក់​ទើរនៅ​ឡើយ ក្នុង​ការ​បញ្ចូន​សព្វាវុធ ជា​​បន្ទាន់​​របស់​​ខ្លួន ដល់​ក្រុម​អ្នក​ប្រឆាំង។ មូលហេតុ ប្រទេស​ទាំង​នោះ ត្រូវ​តែ​គោរព​ តាម​គោលការណ៍​របស់ សហភាព​អឺរ៉ុប។ ​គឺ រាល់​ការ​បញ្ជូន​អាវុធ ទំនើបៗ​ ចេញ​ទៅ​ក្រៅ​ គេ​ត្រូវ​​រងចាំ​​រហូត​ដល់ ដើម​ខែ​សី​ហា​ខាង​មុខ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១២​មិថុនា​នេះ​ដែរ នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក John Kerry បាន​ជួប​ជា​មួយ ភាគី​អង់គ្លេស លោក William Hague ដើម្បី​បន្ត​ពិភាក្សា​លើ​សង្រ្គាម​​​ស៊ីវិល ស៊ីរី នេះ​ដែរ។ ហើយ​ក្នុង​សប្តាហ៍​នេះ លោក បារ៉ាក់ អូបាម៉ា បាន ស្នើ​ទៅ​ក្រុម​ប្រឹក្សា សន្តិសុខ អង្គការ​សហប្រជាតិ​ពិភាក្សា​រក​លទ្ធភាព​ណា​មួយ ដើម្បី​បញ្ជូន​ជំនួយ​សពាវុធ ដល់​​ពួក​អ្នក​ប្រឆាំង។

ចាប់តាំង ពី​ខែ​មិនា ឆ្នាំ​២០១១​មក វិបត្តិ​​សង្រ្គាម​ស៊ីវិល នៅ​​ប្រទេស​​ស៊ីរី បាន​បណ្តាល​ឲ្យ​មនុស្ស ប្រមាណ​ជាង ៩​៤ ០០០នាក់​បាន​ស្លាប់បាត់បង់​ជីវិត​និងមនុស្ស​ជាង ៥លាននាក់​ទៀតបាន​ភៀស ខ្លួន​ និង​គ្មាន​​ទី​​ជំរក​ពិត​ប្រាកដ៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close