អាមេរិក​-​ជប៉ុន បើក​សមយុទ្ធ​យោធា​រួមគ្នា​មួយ នៅ​តាម​បណ្តា​កោះ​ឆ្ងាយៗ

កាល​ថ្ងៃ​អង្គារ​ម្សិលមិញ ជប៉ុន​និង​សហរដ្ឋអាមេរិក​បាន ​ចាប់​ផ្តើម បើក​ធ្វើ​សមយុទ្ធ​យោធា​មួយ​រួមគ្នា នៅ​តាម​បណ្តា​កោះ​ឆ្ងាយៗ។ ការ​​ប្រកាស​​ធ្វើ​​សមយុទ្ធ​​ខាង​លើ​នេះ ធ្វើឲ្យ ស្ថានភាព​​ជម្លោះ​ដណ្តើម​​កោះ​គ្នា​រ​វាង​ជប៉ុន និង​ចិន​កាន់តែ​តានតឹង​ឡើងៗ។ ដោយ​​ចិន​​យល់​ថា នេះ​​ជា​​ការ​បង្អូន​សាច់ដុំ​​មួយ​​របស់​​ជប៉ុន ក្រោម​​ការ​​ជួយ​​ជ្រោមជ្រែង​ពី​សំណាក់​សហរដ្ឋអាមេរិក។

រដ្ឋមន្រ្តី ​ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា សមយុទ្ធយោធា​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​នៅ កាលីហ្វ័រនី (Californie) ដោយ​មិន​បាន​សំដៅ​ទៅរក​ប្រទេសចិន​ទេ។ រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ចង់​ប្រកាស​ប្រាប់មុន កុំ​ឲ្យ​ប្រទេសចិន​មាន​ការ​ព្រួយបារម្ភ​ឲ្យ​សោះ។ នេះ​គ្រាន់​តែ​ជា​ការ សាកល្បង សហប្រត្តិបត្តិការ​គ្នា ផ្នែក​យោធា​រវាង ជប៉ុន-អាមេរិក ប៉ុណ្ណោះ

នៅ​ក្នុង​ការ​សាកល្បង​ខាងលើ​នេះ គេ​ឃើញ​មានវត្តមាន​របស់​ក្រុម​ទាហ៊ាន​ជើងគោគ ជើងទឹក និង​ផ្លូវអាកាស របស់​ជប៉ុន សរុប​ប្រមាណ ១ ០០០នាក់។ ក្រុម​ទាំងនោះ នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​​រួមគ្នា​ជា​លក្ខណៈ​ចម្រុះ​ជាតិសាសន៍ ដែល​មាន​ដូច​ជា កងទ័ព​អាមេរិក កាណាដា និង នូវែលសេឡង់។ សមយុទ្ធ​នេះ បាន​ចាប់​ផ្តើម​ពី ថ្ងៃ​អង្គារ​ទី១១ ដល់ ថ្ងៃទី២៦ ខែមិថុនា​ខាងមុខ។

មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​សមយុទ្ធ​នេះ ជប៉ុន និង​អាមេរិក ក៏​បាន​ប្រកាស​ត្រៀម​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​ជាប់ជម្លោះ ម្តង​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ ២០១២។ តែ​ក្នុង​ពេល​នោះ ដៃគូ​ទាំង​ពីរ បាន​សម្រេច​ចិត្ត​បោះបង់​ ការ​បញ្ជូន​ទ័ព​របស់ខ្លួន​ទៅវិញ ដើម្បី​ជៀសវាង នូវ​ភាពតានតឹង ​ផ្នែក​យោធា​ មួយ​កម្រិត​ទៀត​ជា​មួយ​ប្រទេស​ចិន។

សូម ​រម្លឹក​ថា ជម្លោះ​ដណ្តើម​កោះ សេនកាគូ ​តាម​ភាសា​ជប៉ុន ឬ ទាវយូ តាម​ភាសាចិន នៅ​តែ​ជា​​ប្រធានបទ​​ក្តៅ​​គគុក​​រវាង​​ប្រទេស​​ទាំង​ពីរ។ កម្តៅ​កាន់​តែ​កើន​ឡើង​ខ្លាំង​បន្ថែម​ទៀត បន្ទាប់​ពី​រដ្ឋាភិបាល​ជប៉ុន បាន​ទិញ​កោះ​មួយ​ចំនួន មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​ កាល​ពី ខែកញ្ញា ឆ្នាំ២០១២៕ ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close