ភរិយា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រឆាំង​នយោបាយ​នុយក្លេអ៊ែរ​របស់​ស្វាមី

លោកស្រី​ អាគី អាបេ ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​បញ្ចេញ​មតិ​ប្រឆាំង​នឹង​​លោក ស៊ីនហ្សូ អាបេ ជា​ស្វាមី ដែល​កំពុង​ធ្វើ​នយោបាយ​​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ “Made in Japan” ទៅ​បរទេស​ យ៉ាង​សស្រាក់សស្រាំ។ សម្រាប់​លោក​ស្រី​ ជប៉ុន​គួរ​តែ​​ងាក​ទៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត (មិន​បំពុល​និង​ប៉ះពាល់​ដល់​បរិស្ថាន) ព្រោះ​ជប៉ុន​ពិត​ជា​មាន​សមត្ថភាព និង​ អាច​អភិវឌ្ឍន៍​ថាមពល​ថ្មី​បាន។

“ខ្ញុំ ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​ថាមពល​នុយក្លេអ៊ែរ ! ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​​ជប៉ុន​ដើរ​លក់​ នុយក្លេអ៊ែរ​នៅ​បរទេស​​​ទេ” ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ភរិយា​នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ក្នុង​អង្គ​ប្រជុំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន ​ដោយ​បិទ​ទ្វារ​ តែ​ទើប​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​គាំទ្រ​កសិកម្ម​បង្ហោះ​តាម​ បណ្តាញ​អ៊ីនធ័រនែត។
ថ្វី​ដ្បិត​តែ​បាន​ទទួល​ស្គាល់​អំពី​សមត្ថភាព​ដល់​កំពូល​ក្នុង​បច្ចេកវិទ្យា ​នុយក្លេអ៊ែរ​របស់​ជប៉ុន ប៉ុន្តែ​ លោកស្រី​ អាគី អាបេ ចង់​​ឱ្យ​​​ជប៉ុន​ចែក​រំលែក​ថវិកា​ដែល​ចាយ​វាយ​លើ​នុយក្លេអ៊ែរ​មក​អភិវឌ្ឍន៍ ​​ថាមពល​​ថ្មី​ ស្អាត មិនចេះ​រីង​ស្ងួត និង​មិន​​បំផ្លាញ​បរិស្ថាន ហើយ​យក​ថាមពល​នេះ​ទៅ​លក់​នៅ​បរទេស​វិញ​ប្រសើរ​ជាង។

សូម​បញ្ជាក់​ថា តាំង​ពី​បានទទួល​តំណែង​ជា​ថ្មី ជា​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ខែ​​ធ្នូ​ ឆ្នាំ​២០១២​មក លោក​ស៊ីនហ្សូ អាបេ ជា​ស្វាមី មិន​ដែល​លាក់​បាំងឡើយ​ ​អំពីមហិច្ឆតា ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ដែល​ផ្អាក​សកម្មភាព​ក្រោយ​គ្រោះ​មហន្តរាយ​ហ្វូគូស្ហ៊ីម៉ា​​ ​ឆ្នាំ​២០១១។ លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ដំណើរ​ទៅ​បរទេស​ កាន់​តែ​ច្រើន​ឡើងៗ​ ដើម្បី​ស្វែង​រក​ថាមពល​ (ឧស្ម័ន ឬ​ប្រេង) មក​បំពេញ​តម្រូវការ​ជាតិ ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​ឃោសនា​បច្ចេក វិទ្យានុយក្លេអ៊ែរ​ជប៉ុន​ឡើយ។

នៅដើម​ខែ​ឧសភា ​ជប៉ុនបាន​សម្រេច​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រម​ព្រៀង​អន្តរ​រដ្ឋាភិបាល ជប៉ុន​បារាំង តួកគី ​​ សាងសង់រោង​ចក្រ​អគ្គិសនី​នុយក្លេអ៊ែរទីពីរ​នៅ​តួកគី និង​​បាន​ព្រមព្រៀង​ធ្វើ​សហប្រត្តិ បត្តិការនុយក្លេអ៊ែរ​ជាមួយ​អេមីរ៉ាត អារ៉ាប់រួម។ ​ ​ជប៉ុន​បាន​ស្នើ នាំ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត កាលពី​ខែ​កុម្ភៈ និង​កំពុង​ចរចា​បើក​សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​ទៀត។ ហើយ​នា​ឱកាស​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង នៅ​តូក្យូ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​សហការ​ធ្វើ​ឱ្យ​កាន់​ប្រសើរ​ឡើង​ បច្ចេកវិទ្យា​នុយក្លេអ៊ែរ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close