តុលាការខេត្តស្វាយរៀង បើកសវនាការកាត់ទោសលោក ឈូក បណ្ឌិត ថ្ងៃនេះ
Cambodia News
ស្វាយរៀង៖ សំណុំរឿងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ ក្នុងករណីបាញ់ស្ត្រីកម្មករកាត់ដេរ ៣ នាក់ ឲ្យរងរបួស ត្រូវបានតុលាការខេត្តស្វាយរៀង លើកយកមកបើកសវនាការជំនុំជម្រះ នាព្រឹកថ្ងៃទី១២ ខែមិថុនានេះ បន្ទាប់ពីតុលាការ បានលើកពេលសវនាការ កាលពីថ្ងៃទី២១ឧសភា។
មូលហេតុនៃការលើកពេលសវនាការ កាលពីថ្ងៃ២១ឧសភា ដោយសារតែអវត្តមានរបស់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលរងការចោទប្រកាន់ និងមេធាវី។
ក៏ប៉ុន្តែសម្រាប់សវនាការ ដែលត្រូវបើកធ្វើនៅព្រឹកថ្ងៃទី១២មិថុនានេះ ត្រូវបានលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានតាមដានសំណុំរឿងបាញ់ប្រហារលើស្ត្រីកម្មករកាត់ដេរ ៣ នាក់ នៅបាវិត បានជំរុញឲ្យតុលាការ ដាក់ទោសធ្ងន់ធ្ងរលើលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាជនជាប់ចោទ ក្នុងសំណុំរឿងក្តីនេះ។
មិនមានអត្ថាធិប្បាយបែបណាពីលោក ឈូក បណ្ឌិត ជុំវិញសំណុំរឿងក្តីបាញ់ប្រហារស្ត្រីកម្មករកាត់ដេរ នៅទីក្រុងបាវិតនោះឡើយ។ សូម្បីតែក្នុងពេលឡើងមកកាន់តុលាការសាលាឧទ្ធរណ៍ កាលពីខែកុម្ភៈ ក៏លោក ឈូក បណ្ឌិត មិននិយាយអ្វីមួយម៉ាត់ ទៅកាន់អ្នកកាសែតទេ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាជនជាប់ចោទតែម្នាក់គត់ ក្នុងសំណុំរឿងបាញ់ស្ត្រីកម្មករ ឲ្យរបួសធ្ងន់ទាំងបីនាក់ នៅរោងចក្រកៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងបាវិត ក្នុងព្រឹត្តិការណ៍តវ៉ារបស់កម្មករ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២៕