ការប៉ះទង្គិចគ្នានៅក្នុងក្បួនបាតុកម្មជាថ្មីរៀបចំដោយគណបក្សអ៊ីស្លាម
នៅ ថ្ងៃចន្ទ ទី១០ មិថុនានេះ ប្រទេសបង់ក្លាដែសមួយភាគធំត្រូវបានកកស្ទះដោយក្បួនបាតុ កម្មជាតិមួយ រៀបចំឡើងដោយគណបក្សអ៊ីស្លាម Jamaat-e-Islami។ ក្បួនបាតុកម្មនោះបានបញ្ចប់ដោយមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាង ក្រុមបាតុករ និងក្រុមប៉ូលិស ដោយបានបណ្តាលឲ្យរបួសប៉ូលិស ២នាក់។
នៅ ក្នុងទីក្រុងដាកា សាលារៀន និងហាងលក់ទំនិញត្រូវបានបិទទ្វារ។ ចំណែកនៅតាមដងផ្លូវនានាក៏មានភាពស្ងាត់ជ្រងំ ដោយប្រជាជនបានសុខចិត្តលាក់ខ្លួនពួនសំងំនៅក្នុងផ្ទះ។ ក្បួនបាតុកម្មត្រូវបានបញ្ចប់ដោយមានផ្ទុះឡើងនៅអំពើហិង្សារវាង ក្រុមបាតុករ និងក្រុមប៉ូលិស។ ក្រៅពីនៅក្នុងទីក្រុងដាកា អំពើហិង្សាក៏មានកើតឡើងនៅក្នុងស្រុកមួយចំនួនស្ថិតនៅប៉ែកខាង ជើង និងប៉ែកខាងកើតប្រទេស។
ការដែលគណបក្សអ៊ីស្លាម Jamaat-e-Islami បានរៀបចំឲ្យមានក្បួនបាតុកម្មជាថ្មីពេលនេះឡើង គឺមកពីមានគ្នីគ្នា ២នាក់ ក្នុងនោះមានម្នាក់ជាតំណាងរាស្រ្ត ត្រូវបានតុលាការព្រហ្មទ័ណ្ឌអន្តរជាតិកាត់ទោសកំបំាងមុខឲ្យជាប់ ក្នុងពន្ធនាគារ ម្នាក់ៗចំនួន ៣ខែ កាលពីថ្ងៃអាទិត្យ ទី៩ មិថុនាពីបទប្រមាថមើលងាយចៅក្រម។ សេចក្តីសម្រេចរបស់តុលាការដែលមានតែបង្កើនថែមទៀតនូវភាពតានតឹងដែល មានស្រាប់រវាងរដ្ឋាភិបាលគ្រហស្ថ និងក្រុមគណបក្សសាសនា ពិសេសគឺគណបក្សអ៊ីស្លាម Jamaat-e-Islami។ គួរបញ្ជាក់ជូនថា តុលាការព្រហ្មទ័ណ្ឌអន្តរជាតិក្នុងប្រទេសបង់ក្លាដែសមានតួនាទីជាអ្នក កាត់ទោសជនសង្ស័យមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្រ្គាម ក្នុងសម័យសង្រ្គាមដណ្តើមឯករាជ្យពីប្រទេសប៉ាគីស្ថានក្នុងឆ្នំា ១៩៧១។
សូមជម្រាបជូនថា តំាងពីមានការវិនិច្ឆ័យទោសលើកទី១ ក្នុងថ្ងៃទី២១ មករាមក មានមនុស្សស្លាប់ប្រមាណជា ១៥០នាក់ នៅក្នុងអំពើហិង្សារវាងក្រុមប៉ូលិស និងសមាជិកនៃគណបក្សអ៊ីស្លាម Jamaat-e-Islami។ គណបក្សអ៊ីស្លាមមួយនេះបានចោទរដ្ឋាភិបាល ពីបទបានបង្កើតឲ្យមានតុលាការព្រហ្មទ័ណ្ឌអន្តរជាតិឡើង ក្នុងគោលដៅនយោបាយ។ ការចោទយ៉ាងនេះក៏ដោយសារថា ជនជាប់សង្ស័យភាគច្រើន ច្រើនជាសមាជិករបស់គណបក្សប្រឆំាងដែលជាសម្ព័ន្ធមិត្តជាមួយគណបក្ស អ៊ីស្លាម។ តំាងពីដើមឆ្នំា ២០១៣ នេះមក ក្រុមគណបក្ស ប្រឆំាងបានអំពាវនាវឲ្យមានក្បួនបាតុកម្មជាតិចំនួនជាង ៣០លើកមកហើយ។
យោងតាមអង្គការការពារសិទ្ធិមនុស្ស Human Rights Watch និតិវិធីរបស់តុលាការព្រហ្មទ័ណ្ឌអន្តរជាតិបង្កើតឡើងដោយរដ្ឋាភិបាល នោះ មិនស្របតាមនិតិវិធីរបស់អន្តរជាតិទេ។ ចំណែករដ្ឋាភិបាលបានឆ្លើយបកវិញថា ដំណើរការរបស់តុលាការនោះ គឺចំាបាច់ណាស់ ដើម្បីលាងសំអាតស្នាមរបួសសល់ពីសម័យសង្រ្គាមកាលពីឆ្នំា ១៩៧១។ សង្រ្គាមដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ៣លាននាក់ នេះបើយោងតាមតួលេខផ្តល់ដោយរដ្ឋាភិបាលក្រុងដាកា។ តែបើយោងតាមប្រភពឯករាជ្យមួយចំនួនវិញ ចំនួនមនុស្សស្លាប់ក្នុងពេលនោះ មានប្រមាណតែពី ៣០ម៉ឺន ទៅ ៥០ម៉ឺននាក់ប៉ុណ្ណោះ៕ដោយ គួច គន្ធារ៉ា (RFI)