ការផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុងកាប៊ូល សម្លាប់មនុស្ស៧នាក់
កាលពី ព្រឹកថ្ងៃចន្ទទី ១០ មិថុនា មានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុងកាប៊ូល ប្រទេសអាហ្កានីស្ថាន។មនុស្សចំនួន7នាក់បានស្លាប់ ក្នុងហេតុការណ៍នេះ ក្នុងនោះរួមមានប៉ូលីសជន ស៊ីវិល និង ក្រុមសកម្មជនប្រយុទ្ធតាលីបង់។ ពួកតាលីបង់បានប្រកាសទទួលខុសត្រូវចំពោះការវាយ ប្រហារលើកនេះ។
កាល ពីព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃចន្ទទី ១០ មិថុនា ក្រុមសកម្មប្រយុទ្ធ តាលីបង់បានបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរព្រលានយន្តហោះក្នុងក្រុងកាប៊ូល និងមានការបាញ់ប្រហារយ៉ាងកញ្រ្ជោល ក្នុងរដ្ឋធានី។ ប៉ូលីសម្នាក់ ប្រជាជនស៊ីវិល ពីរនាក់ និងក្រុមសកម្មប្រយុទ្ធអត្តឃាតទាំង ៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារនោះ។
ការបំផ្ទុះដ៏មានសំលេងខ្លាំងក្លា និងការផ្ទុះអាវុធធុនតូចបានកើតឡើងយ៉ាងហោចណាស់រយៈ ពេល90នាទី និងបន្តរហូត ដែលធ្វើអោយស្ថានទូតអាមេរិចប្រុងជើងដើម្បីការពារខ្លួន។ មេប៉ូលីសក្រុងកាប៊ូល លោក Hasmat Stanikzai បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ ថា ការផ្ទុះមួយនេះបានកើតឡើង បន្ទាប់ពីក្រុមវាយប្រហារដោយគ្រាប់បែកបានចូលទៅក្នុង អគារដែលឋិតនៅលើដងវិថីQasaba ខាងលិចព្រលានយន្តហោះកាប៊ូល ហើយពួកគេបានចាប់ផ្តើមធ្វើការបាញ់ប្រហារ។
ឥលូវនេះ ក្នុងតំបន់នោះកងកម្លាំងសន្តិសុខបានការពារមិនអោយប្រជាជនចូលទៅ ហើយការ ប្រឈមមុខដាក់គ្នា រវាងកងកម្លាំងសន្តិសុខ និងពួកឧទ្ទាម នៅតែបន្ត។ លោក stanikzai បាននិយាយថា លោកមិនអាចបញ្ជាក់បានទេថា ការវាយប្រហារនេះមានគោលដៅជាក់លាក់នៅទីណាទេ តែការផ្ទុះ គឺកើតឡើង នៅក្បែរព្រលានយន្តហោះក្នុង ភាគឦសានរដ្ឋធានី។
ក្រុមឧទ្ទាមតាលីបង់បានប្រកាសទទួលខុសត្រូវលើការវាយប្រហារ បន្តបន្ទាប់នៅព្រលានយន្ត ហោះ កាប៊ូល ក្នុងថ្ងៃចន្ទនេះ។ ពួកគេបាននិយាយថា ក្រុមខ្មាន់កាំភ្លើងមានគោលដៅវាយលើយោធា។ អ្នកនាំពាក្យក្រុមតាលីបង់ លោកzabihulla Mujahid បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP ថា ពួកគេប្រកាសទទួលខុសត្រូវលើហេតុការណ៍នេះ។ នៅព្រឹកថ្ងៃចន្ទ ទី ១០មិថុនា នេះក្រុមMujahedeen បានវាយប្រហារលើតំបន់យោធានៃព្រលានយន្តហោះ កាប៊ូល។
ក្នុងដំណាក់កាលដែលក្រុមទាហានប្រយុទ្ធរបស់អង្គការNATO នឹងដកចេញ ក្នុងដំណាច់ ឆ្នាំ2014 ប្រសិទ្ធភាពនៃកងម្លាំងសន្តិសុខមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាលអាហ្កានីស្ថានក្នុង ការបង្ក្រាបក្រុមឧទ្ទាមតាលីបង់៕ដោយ រិទ្ធិ ម៉ូនីកា (RFI)