ចិនបើកសវនាការ រឿងពុករលួយរបស់អតីតរដ្ឋមន្រ្តីក្រសួងផ្លូវដែក

សំណុំរឿងកេងប្រវ័ញ្ចប្រាក់ និងរឿង​អាស្រូវ​ជា​ច្រើន​ទៀត របស់អតីត​រដ្ឋមន្រ្តីក្រសួងផ្លូវដែកចិន ត្រូវ​បាន​គេ​បើកសវនាការ កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា នៅ​តុលាការ​ទីក្រុងប៉េកាំង។ នេះ​ជា​លើកទីមួយ របស់អណត្តលោក ស៊ី ជីនពីង(Xi Jinping) ដែល​ចិន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំជំរះ ប្រឆាំង​នឹង​មន្រ្តីរដ្ឋាភិបាល ទាក់ទងអំពើពុករលួយ។

លោក លាវ ជីជីន (Liu Zhijun)  អាយុ​៦០ឆ្នាំ ត្រូវ​បាន​តុលា​ការចោទ​ប្រកាន់​ពីបទ​ទទួល​សំណូក និង​​ប្រើ​អំណាច​ខុស​ច្បាប់ នៅ​ក្នុង​រយះ​ពេល​ដែល​លោក ធ្វើ​ជា​រដ្ឋមន្រ្តី​ផ្លូវ​ដែក ​ពី​ឆ្នាំ​១៩៨៦​ដល់​ឆ្នាំ​២០១១។ លោក នឹងអាច​ទទួល​ទោស​ប្រហារ​ជីវិត ឬ​ជាប់​ទោស​ធ្ងន់ធ្ងរ​ពី​បទ​ឧក្រិដ្ឋ។ សាលក្រម​សម្រេច​ទោស នឹង​ចេញ​នៅ​ប៉ុន្មាន​ថ្ងៃ ​ខាង​មុខ​នេះ។

ដោយសារ​រឿង​អាស្រូវ​ពុករលួយនេះ លោកត្រូវបានគេដកចេញពីតំណែង​ជា​មន្រ្តី​ជាន់​ខ្ពស់​ ​នៅក្នុង​បក្ស​កុម្មុយនិស្ត​ចិន ​នា​ដើម​ឆ្នាំ ២០១១។ ក្រោយ​មក​លោក លាវ ត្រូវ បាន​ចោទ​ពីបទ​កេង​បន្លំ​ប្រាក់​រដ្ឋ ជាង ៦៥លានយ័ន ស្មើ​ប្រមាណ​១០លាន ដុល្លាអាមេរិក។ នេះ​បើ​តាម ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី។

គេ​ក៏​បាន​ស្តីបន្ទោស លោក​ផង​ដែរ ដោយ​លោក​បាន​ជួយ​សម្រួល និង​យោគយល់​មនុស្ស ចំនួន​១១នាក់​ឲ្យ​បាន ទទួល​ប្រយោជន៍​ពី​ការ​ចុះ​កិច្ចសន្យា​វិនិយោគ​នានាលើវិស័យផ្លូវដែក។ ទង្វើរ​របស់​លោក លាវ ជីជីន បាន​ធ្វើ ឲ្យ​ក្រសួង ផ្លូវ​ដែក​របស់​ចិន​បាក់​មុខ​បាក់​មាត់​ ដល់​​ក្រសួង​នេះ​ត្រូវ​បាន​គេ​បិទ។ វិស័យ​ផ្លូវ​ដែក​ចិន ក៏​ត្រូវ​បាន​ទទួល​រង​នូវ ការ​បាត់បង់​សេចក្តី​ទុកចិត្ត​ជា​ច្រើន ពី​សំណាក់​អ្នក​នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​អន្តរជាតិ​។

នៅ​ក្នុង​ទូរទស្សន៍​រដ្ឋ​ចិន គេ​ឃើញ​រូបភាព​ដ៏​ស្គមស្គាំង​របស់ អតីត​រដ្ឋមន្រ្តី​រូប​នេះ ឈរ​ក្នុង​សវនាការ នៅ​ទីក្រុង​ប៉េកាំង។ សវនាការ​ខាង​លើ​នេះ​ មិន​ត្រូវ​បាន​គេ​ប្រកាស ជា​សំហរ​នោះ​ទេ។ ​ចំពោះ​សាធារណៈជន​ដែល​ចង់​ចូលរួម​សាវនាការ​នោះ​ទៀត​សោត ត្រូវ​បានគេ​ជ្រើសរើស​ទុក​ជា​មុន​រួច​ស្រេច។​

បន្ទាប់​ពី​ត្រូវ​ដក​ចេញ​ពី​តំណែង លោក លាវ ជីជីន ត្រូវ​បាន​មហាជន​ចិន​​​ថ្កោល​ទោស​ថា ជា​អ្នក​ទទួល​ខុសត្រូវ​ធំ​បំផុត ក្នុង​គ្រោះថ្នាក់​រថភ្លើង​ពីរ​បុកគ្នា ដែល​បាន​សម្លាប់​មនុស្ស​៤០នាក់ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១។ ដោយ​នេះ​​ ជា​សោកនាដកម្ម​ធំ​ជាង​គេ​បំផុត ​គិត​ចាប់​តាំង​ពី​ឆ្នាំ២០០៨ មក​នៅ​ប្រទេស​ចិន។

គួរ​រម្លឹក​ផង​ដែរ​ថា ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល ពី​ខែ មីនា ឆ្នាំ​២០១៣​មក ថ្នាក់​ដឹក​នាំ​ចិន​ថ្មី គឺ​លោក ស៊ី ជិនពីង បាន​សន្យា ​​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ ឲ្យ​មាន​​ប្រសិទ្ធិភាព​បំផុត ជា​ពិសេស​ក្នុង​ជួរ​រដ្ឋាភិបាល៕​(RFI)

Related Articles

Back to top button
Close
Close