ស៊ីរី៖ ក្រុមប្រឆាំងបដិសេធ ការចចារជាមួយរដ្ឋាភិបាលលោក អាសាដ
ក្រុមឧទ្ទាមបានបដិសេធ ការចូលរួមសន្និសិទសន្តិភាពមួយដើម្បីប្រទេសស៊ីរី ដែលគ្រោងរៀបចំដោយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ កាលពីសៅរ៍ ទី៨ ខែមិថុនា បន្ទាប់ពីមានការវាយប្រហារពីសំណាក់រដ្ឋាភិបាលស៊ីរីនៅតំបន់ខាងជើង នៃប្រទេស។ ការវាយប្រហារនេះ បានបណ្តាលឲ្យជនស៊ីវិល និងពួកឧទ្ទាមប្រមាណជាង១០នាក់បានរបួស និងមនុស្សជាច្រើនត្រូវភៀសខ្លួនទៅប្រទេសជិតខាង។
ស្ថានភាព មនុស្សធម៌នៅទីក្រុង គូសែ ភាគខាងជើងនៃប្រទេសស៊ីរី កំពុងមានភាពវឹកវរ យ៉ាង ខ្លាំង បន្ទាប់ពីត្រូវបានធ្លាក់ ក្នុងដៃរបស់រដ្ឋាភិបាលលោក អាសាដ។ គឺកាលពីសប្តាហ៍មុន ចលនាហេបូឡា (Hezbollah) នៅប្រទេសលីបង់ បានជួយដល់ រដ្ឋាភិបាលលោក អាសាដ ដើម្បីវាយដណ្តើមយកបាន ទីក្រុង ខាងលើ ដែល គ្រប់គ្រង ដោយ ក្រុមប្រឆំាង។
បន្ទាប់ពីហេតុការខាងលើ ក្រុម អ្នក ប្រឆាំង បាន បញ្ជាក់ ម្តងទៀត កាលពីថ្ងៃសៅរ៍ទី៨ ខែមិថុនា អំពីជំហររបស់ខ្លួន ចំពោះ ការមិន ចូលរួម សន្និសិទសន្តិភាព ជាមួយរដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន។ ក្រុមឧទ្ទាមបានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាម មិនទាន់បញ្ចប់ត្រឹមនេះឡើយ។ ពួកគេ នឹង ធ្វើ ការ តស៊ូ ដល់ ទីបំផុត ដើម្បីផ្តួលរំលំ របបលោក អាសាដ ឲ្យទាល់តែបាន។
បន្ថែមលើនេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមបះបោរ បានប្រកាសរកជំនួយជាសព្វាវុធ ពីសមព័ន្ធមិត្ត និងបណ្តាប្រទេសគាំទ្រខ្លូន។ ដែលក្នុងនោះគេអាចដឹងបានដែរថា មានដូចជាអាមេរិក បារាំង និងបណ្តាប្រទេសជាច្រើន នៅសហភាពអ៊ឺរ៉ុប។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសឲ្យមានការសង្រ្គោះជាបន្ទាន់ ដល់ជនស៊ីវិល ដែលស្ថិតនៅតំបន់ខាងលើ។ ហើយការអន្តរាគមន៍នេះ មិនត្រូវ ឲ្យមានការរាំង និងឧបសគ្គអ្វីឡើយ។
ស្ថានភាពជាក់ស្តែងដែល កំពុងតែកើតមាននៅប្រទេសស៊ីរីបច្ចុប្បន្ន គឺរាល់ការបើកទ្វាចចារ ពីសំណាក់ សហគមន៍អន្តរជាតិ ត្រូវបានបិទទាំងអស់។ ព្រោះភ្លើងកំហឹងរវាងភាគីទាំងពីរ កំពុងតែផ្ទុះឡើងយ៉ាងសន្ធោរសន្ធៅ។ ប្រជាជនស៊ីវិល ដែលស្ថិតនៅតំបន់ខាងលើតំពុងតែរស់នៅដោយភាពភ័យខ្លាច ដែលក្នុងនោះអ្នកមួយចំនួន បានភៀសខ្លួនចេញ ទៅតាមប្រទេសលីបង់។
ចំពោះខាងរដ្ឋាភិបាលស៊ីរី វិញ កំពុងតែព្យាយាម និងរំពឹងថា អាចវាយដណ្តើមយក ទីក្រុង ហូម (Homs) ពីក្រុមអ្នកប្រឆាំងវិញ បន្ទាប់ពីបានកាន់កាប់ទីក្រុង គូសែ។ គូសែ ជាទីក្រុងមួយ ដែលស្ថិតនៅជិតព្រំដែនប្រទេស លីបង់។ វាមានចំងាយប្រមាណជិត ៤០ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Homs។ ដូច្នេះ វាក៏ជាទីតាំងយុទ្ធសាស្រ្តមួយ ដ៏សំខាន់មួយ ដែលអាចជួយដល់ រដ្ឋាភិបាលលោក អាសាដ ក្នុងការវាយដណ្តើម យកទីក្រុង ហូម (Homs) មកវិញពីដៃអ្នកបះបោរ។
ចាប់តាំង ពីខែមិនា ឆ្នាំ២០១១មក វិបត្តិនៅប្រទេសស៊ីរី បានបណ្តាលឲ្យមនុស្ស ប្រមាណជាង ៩ ៤០០០នាក់បានស្លាប់បាត់បង់ជីវិតនិងមនុស្សជាង ៥លាននាក់ទៀតបានភៀសខ្លួន និងគ្មានទីជំរកពិតប្រាកដ៕ (RFI)