ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា
Cambodia News
ភ្នំពេញ៖ នាថ្ងៃទី០៧មិថុនា នេះ អ្នកនាំពាក្យក្រសួងមហាផ្តៃ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចាររួចហើយ នៅលើរឹមលិខិត របស់តំណាងជនរងគ្រោះ នៃរបបខ្មែរក្រហម ដែលសុំធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នាថ្ងៃអាទិត្យទី ០៩ មិថុនា ខាងមុខនេះ។
ផ្អែកតាមលិខិតនោះឲ្យដឹងថា នឹងមានមនុស្ស២ម៉ឺនាក់ចូលរួម បាតុកម្មនៅលើទីលានប្រជាធិបតេយ្យ ខាងមុខរាជាយស្ម័យយាន្តកម្ពុជា ហើយ ២ពាន់នាក់សម្រាប់ការដង្ហែរក្បួននាំញ្ញាត្តិ ទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រសួងបានអនុញ្ញាតិ្តឲ្យមានអ្នកចូលរួមត្រឹម ១ម៉ឺន នាក់ និង អ្នកដង្ហែក្បួន ត្រឹម ៥រយនាក់ប៉ុណ្ណោះ ។
ផែនការបាតុកម្មនេះធ្វើឡើងក្រោយពីលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់វេទិការសាធារណៈមួយ កាលពីពេលកន្លងទៅ ដោយអះអាងថា រូបភាពឧក្រិដ្ឋកម្ម មាននៅគុកទួលស្លែង គឺជាការរៀបចំរបស់វៀតណាម ដែលភាសានេះបានដុតរោលកំហឹងជនរងគ្រោះ ហើយពួកគេបានទាមទារ ឲ្យប្រធានស្ដីទីបក្សប្រឆាំងរូបនេះ ធ្វើការសុំទោសជាសាធារណៈ៕