នាយករដ្ឋមន្ត្រីបង្អួតនយោបាយ “Abenomics” ផ្តល់សន្ទុះសេដ្ឋកិច្ច ដល់ពិភពលោក
មុន នឹងធ្វើគារវកិច្ចទទួលស្វាគមន៍ ប្រធានាធិបតីបារាំង ដែលមានកំណើនសេដ្ឋកិច្ចគាំងស្ទូកស្តឹង នាយករដ្ឋមន្ត្រីជប៉ុនបានអួតអាងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង អំពីនយោបាយផ្តល់កំណើនសេដ្ឋកិច្ច នាំជប៉ុនចេញពីវិបត្តិ ដែលលោកប្រសិទ្ធិនាមថា “Abenomics”។ ជាមួយនឹងជោគជ័យនេះ លោកនាយករដ្ឋមន្ត្រីចង់ប្រែក្លាយ នយោបាយ « Abenomics » មកធ្វើជាក្បាលម៉ាស៊ីនដឹកនាំសកម្មភាពសេដ្ឋកិច្ចពិភពលោក។
កាលពី សប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានស្វាគមន៍នយោបាយផ្តល់សន្ទុះសេដ្ឋ កិច្ចរបស់ជប៉ុន ប៉ុន្តែបានដាក់គំនាប ឱ្យរដ្ឋាភិបាលជប៉ុនធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋ កិច្ចរបស់ខ្លួន ដើម្បីកុំឱ្យជួបហានិភ័យសេដ្ឋកិច្ចធ្ងន់ធ្ងរបាន ! ឆ្លើយតបនឹងការវាយតម្លៃនេះ លោក ស៊ិនហ្សូ អាបេ បានអះអាង នៅក្នុងបទសម្ភាសន៍ជាមួយនឹងភ្នាក់ងារសារព័ត៌មានបារាំង ដោយផ្តាច់មុខ នៅថ្ងៃព្រហស្បតិ៍ទី ៦មិថុនានេះ ថា នយោបាយ« Abenomics » គឺជាដំណោះ ស្រាយតែមួយគត់ ជួយស្តារសេដ្ឋកិច្ចឱ្យងើបដើរចេញពីវិបត្តិ។
ដើរចេញពីវិបត្តិដោយសន្សឹមៗ ដែលមិនត្រឹមតែទាក់ទាញប្រទេសជួបវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ មានជាអាទិ៍ប្រទេសបារាំងទេ សូម្បីតែប្រទេសកំពុងអភិវឌ្ឍន៍ ក៏គួរយកតម្រាប់តាមដែរ។ សម្រាប់លោក ស៊ីនហ្សូអាបេ ដល់ពេលដែលជប៉ុនត្រូវធ្វើជាក្បាលម៉ាស៊ីនដាស់កំណើនសេដ្ឋកិច្ច អន្តរជាតិឱ្យកម្រើកហើយ។
នយោបាយ « Abenomics » បានធ្វើឱ្យកំណើនសេដ្ឋកិច្ចជប៉ុនមានសញ្ញាវិជ្ជមានពីរត្រីមាស ជាប់ៗគ្នា និងគ្រប់ផ្នែក លើកលែងតែវិស័យអចលនទ្រព្យមួយចេញ។ ប៉ុន្តែនយោបាយ បង្កើនបរិមាណសាច់ប្រាក់ឲ្យចរាចរ នៅក្នុងទីផ្សារ ដែលបានធ្វើឲ្យតម្លៃលុយយេនធ្លាក់ចុះ សម្រាប់ជំរុញការនាំចេញទំនិញជប៉ុនទៅក្រៅប្រទេសនេះ មិនមែនជាការបញ្ចុះតម្លៃប្រាក់យេន នៅចំពោះមុខប្រាក់ដុល្លារឡើយ ! នេះជាការគូសបញ្ជាក់របស់លោកអាបេ។ អ្នកឯកទេសសេដ្ឋកិច្ចមិនថានៅជប៉ុន ឬនៅបរទេសទេ កំពុងពិនិត្យពិច័យយ៉ាងល្អិតល្អន់បំផុតនយោ បាយនេះ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់ពីភាពចាំបាច់ ក្នុងការកាត់បន្ថយបំណុលជាតិ ដែលជប៉ុនមានដល់២៤៥%នៃផលិតផលសរុប។ ដូច្នេះត្រូវលុបបំបាត់ឱ្យបានបរិត្ត ផរណា (ទំនិញធ្លាក់ថ្លៃគ្មានអ្នកទិញ)នេះ។ កត្តាដ៏សំខាន់មួយទៀត គឺវិស័យឯកជន ដែលរដ្ឋត្រូវជួយសម្រួល ដោយធ្វើកំណែទម្រង់ខ្លះ។ ប៉ុន្តែលោក ស៊ីនហ្សូអាបេ មានភាពប្រុងប្រយ័ត្នខ្លាំងនឹងសំណួរជុំវិញការបង្កើនប្រាក់បៀវត្ស បុគ្គលិកឯកជន ដើម្បីជំរុញសមត្ថភាពចាយវាយ។ សំណួរដែលទំនងនឹងត្រូវលើកយកពិភាក្សានាឱកាសជំនួបជាមួយប្រធានាធិបតី បារាំងនៅទីក្រុងតូក្យូផង៕ដោយ អៀង សុខម៉ិញ (RFI)