កូរ៉េ​ខាង​ជើង​សុំ​ចរចា​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដើម្បី​បើក​តំបន់​ឧស្សាហកម្ម​រួម​គ្នា​ឡើង​វិញ

នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង​បាន​សុំ​ចរចា​ឡើង​វិញ​ជាមួយ​កូរ៉េខាងត្បូង​ ដើម្បី​បើក​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ។ តំបន់​សេដ្ឋកិច្ច​រួមគ្នា​ឈ្មោះ Kaesong​ត្រូវ​បាន​បិទ​ទ្វារ​បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​ប្រទេស​បងប្អូន ​គូ​សត្រូវ​ទាំងពីរ។ ប្រធានបទ​ស្តីពី​ការ​ជួបជុំ​គ្រួសារ​កូរ៉េ​ដែល​បាន​បែក​គ្នា​ក្នុង​សង្គ្រាម ​កូរ៉េ​ក៏​ជា​របៀបវារៈ​សំខាន់​មួយ​ដែរ។

នេះជាសំណើ ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​គេ​បាន​ឃើញ​នៅ​ក្នុង​ សេចក្តី​ថ្លែង​ការណ៍​មួយ​ ចេញ​ពី​គណៈកម្មាធិការ​ដើម្បី​ការរួបរួម​គ្នា​ដោយ​សន្តិវិធី​នៃ​ប្រទេស​កូរ៉េ បន្ទាប់ពី​ការប្រឈមមុខ​ខាង​យោធា​ដ៏​តានតឹង​រវាង​ប្រទេស​បង​ប្អូន​គូ​សត្រូវ​ ទាំងពីរ​ជុំ​វិញ​បញ្ហា​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង​តាំង​ពី​ខែ​ កុម្ភៈ​មក។

ប៉ុន្តែ គណៈកម្មាធិការ​ដើម្បី​ការរួបរួម​គ្នា​ដោយ​សន្តិវិធី​នៃ​ប្រទេស​កូរ៉េ​ដែល​ជា ​ស្ថាប័ន​រដ្ឋ​កូរ៉េ​ខាងជើង​ទទួល​បន្ទុក​​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង​ មិន​បាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ថា​ តើ​ការចរចា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កម្រិត​ណា​នោះ​ទេ ដោយ​គ្រាន់តែ​បាន​បញ្ជាក់​ថា កាលបរិច្ឆេទ និង​ទីតាំង​នៃ​ជំនួប​នេះ​អាច​កំណត់​តាម​ក្រោយ​ទៅ​តាម​ការព្រមព្រៀង​របស់​ ភាគី​កូរ៉េ​ខាងត្បូង។ ប្រធាន​បទ​នៃ​កិច្ចពិភាក្សា​នោះ​គឺ​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​តំបន់​ឧស្សាហកម្ម ​រួម​គ្នា​នៅ Kaesong ដែល​បាន​បិទ​ទ្វារ​ជាច្រើន​ខែ​មក​ហើយ។ រីឯ​ការរួបរួម​គ្នា​នៃ​គ្រួសារ​កូរ៉េ​ដែល​បាន​បែក​បាក់​កាលពី​សង្គ្រាម​ កូរ៉េ​ឆ្នាំ ១៩៥៣ ក៏​ជា​របៀបវារៈ​សំខាន់​មួយ​ទៀត​នៃ​កិច្ចចរចា​នោះ។

ទីក្រុងព្យុងយ៉ាង​អះអាង​ថា ខ្លួន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការពិភាក្សា​អំពី​អនាគត​នៃ​តំបន់​ ឧស្សាហកម្ម​រួម​គ្នា Kaesong​ ដែល​មាន​ពលករ​កូរ៉េ​ខាង​ជើង ៥​ម៉ឺន​នាក់ និង​មន្ត្រី​រាប់​រយ​នាក់​របស់​កូរ៉េ​ខាង​ត្បូង​បម្រើ​ការងារ។ ប៉ុន្តែ តំបន់​ឧស្សាហកម្ម​ដែល​ជា​ប្រភព​ផ្តល់​ចំណូល​សន្ធឹកសន្ធាប់​ដល់​របប​ដឹកនាំ​ ក្រុង​ព្យុងយ៉ាង​នេះ​ ត្រូវ​បាន​បិទ​ទ្វារ​តាំង​ពី​ដើម​ខែ​មេសា​មក ក្រោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង។ កូរ៉េ​ខាង​ជើង​ក៏​ចង់​ពិភាក្សា​ផង​ដែរ​អំពី​ការបើក​ច្រក​ទេសចរណ៍​ទៅ​កាន់​ ភ្នំ​Kumgang ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាង​គេ​មួយ​របស់​កូរ៉េ​ ខាង​ជើង។

សូមបញ្ជាក់​ថា មុន​ឈាន​ដល់​ការបិទទ្វារ​នៃ​តំបន់​ឧស្សាហកម្ម​ Kaesong​ កូរ៉េ​ខាង​ត្បូង​ធ្លាប់​បាន​ដាក់​សំណើ​សុំ​ចរចា​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង​ដែរ ប៉ុន្តែ កូរ៉េ​ខាង​ជើង​មិន​ព្រម។ ស្រាប់​តែ​ឥឡូវ កូរ៉េ​ខាងជើង​បែរ​ជា​អ្នក​សុំ​ចរចា​វិញ​ម្តង៕ដោយ ប៉ែន បូណា (RFI)

Related Articles

Back to top button
Close
Close