នឹងមានសង្រ្គាមពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងចិន?
ប្រទេសចិនបានវាយបក វិញ ទៅនឹងចំណាត់ការដៃដែករបស់សហភាពអឺរ៉ុប ដែលគ្រោងនឹងយកពន្ធបន្ថែមទៅលើផលិតផលចិន ដែលនាំចូលទៅអឺរ៉ុប។ នៅក្នុងសេចក្តី ប្រកាសព័ត៌មាន ចេញ ផ្សាយ នៅថ្ងៃពុធនេះ ក្រសួងពាណិជ្ជកម្មចិនឆ្លើយបកទៅវិញថា ចិនវិញនឹងចាប់ផ្តើមស៊ើប អង្កេត លើករណីលក់បង្ខូចថ្លៃនៃផលិតផលស្រាដែលនាំចូលមកពីសហភាពអឺរ៉ុប។
ចិនកំពុងសងសឹកនឹងសហភាពអឺរ៉ុប ដែលបានសម្រេច ដំឡើងពន្ធបន្ថែមទៅលើផលិតផលផ្ទាំងស្រូបកម្តៅព្រះអាទិត្យ ដែលនាំចូលមកពីប្រទេសចិន។ ចិនមិនបានព្រងើយកន្តើយនឹងការដាក់ពិន័យរបស់អឺរ៉ុប ដោយចិន ក៏ បានបើកស៊ើបអង្កេតដូចគ្នាលើករណីលក់ថោក បង្ខូចថ្លៃនៃផលិតផលស្រាដែលនាំចូលពី អឺរ៉ុប។ ស្រាអឺរ៉ុបនាំចូលទៅចិន គឺមានតម្លៃច្រើនជាងមួយពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយ ប្រទេសដែលនឹងរងគ្រោះជាងគេដោយសារវិធានការរបស់ចិន គឺបារាំង ព្រោះបារាំងជាប្រទេសអឺរ៉ុបទីមួយ ដែលនាំចូលស្រាច្រើនជាងគេទៅក្នុងប្រទេសចិន ជាមួយតម្លៃ ៧៨៨លានដុល្លារ ក្នុងឆ្នាំ ២០១២។
ជារួម អាជ្ញាធរចិនចង់រកភស្តុតាងដែលអាចបញ្ជាក់ថា ស្រារបស់អឺរ៉ុបមានបានទទួលឧបត្ថម្ភធនពីរដ្ឋាភិបាល ឬក៏មានលួចបញ្ចុះតម្លៃឲ្យថោកខ្លាំងពេក ដើម្បីផ្តួលគូប្រកួតប្រជែង នៅក្នុងប្រទេសចិន គឺដូចនឹងចំណាត់ការរបស់សហភាពអឺរ៉ុប។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ បើទោះបី ជាមានការជំទាស់ពីប្រទេសសមាជិកមួយចំនួន សហភាពអឺរ៉ុបបានបោះឆ្នោតអនុម័តឲ្យគេអាចដំឡើងពន្ធបន្ថែម ទៅលើផ្ទាំងស្រូបកម្តៅព្រះ អាទិត្យរបស់ចិន។ សម្រាប់គណៈកម្មការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ចំណាត់ការនេះត្រូវគេធ្វើឡើងជាបន្ទាន់ ដើម្បីជួយក្រុមហ៊ុនអឺរ៉ុបដែលរងគ្រោះ ដោយសារការធ្វើពាណិជ្ជកម្មមិន ស្មោះ ត្រង់របស់ចិន។
បើតាមគណៈកម្មការដដែល ការលក់បង្ខូចថ្លៃរបស់ចិន បានគំរាមកំហែងឧស្សាហកម្មផលិតផ្ទាំង ស្រូបកម្តៅព្រះអាទិត្យរបស់អឺរ៉ុប។ រោងចក្រជាច្រើនបានបិទទ្វារ ហើយមនុស្សជាច្រើនពាន់នាក់បានបាត់ការងារធ្វើ។ ដូច្នេះ វិធានការយកពន្ធបន្ថែម ទៅលើផលិតផលចិន គឺ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងស្មើភាព និងដើម្បី ផ្តល់ទីផ្សារដល់ផលិតផលរបស់អឺរ៉ុប ដែលនឹងជួយធានាសុវត្ថិ ភាពការងារឲ្យប្រជាជនអឺរ៉ុប។
កាសែតផ្លូវរដ្ឋចិនបានវាយតម្លៃថា សហភាពអឺរ៉ុបកំពុងដើរនយោបាយដាក់រនាំងពន្ធគយដើម្បីការពារផលិតផល របស់ខ្លួន ហើយនយោបាយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។
យ៉ាងណាក៏ដោយ អឺរ៉ុបនៅប្រកាន់ឥរិយាបទទន់ភ្លន់ នៅឡើយ ជាមួយចិន។ បើទោះជាការដំឡើងពន្ធបន្ថែម ទៅលើផលិតផល ចិន នាំចូលអឺរ៉ុប នឹងចាប់មានពីថ្ងៃទី ៦មិថុនាខាងមុខនេះ ប៉ុន្តែ វាគ្រាន់ជាការបណ្តោះអាសន្នប៉ុណ្ណោះ។ សហភាពអឺរ៉ុបចង់និយាយដោះស្រាយជាមួយចិន ពីរឿងលក់បង្ខូចតម្លៃ នៃផលិតផលចិន នៅអឺរ៉ុប។ ប៉ុន្តែ ក្នុងរយៈពេល ២ខែនេះ បើសិនជាសហភាពអឺរ៉ុប មិនអាចរកដំណោះស្រាយណាមួយជាមួយចិនបានទេ នោះទើបសហភាពអឺរ៉ុបសម្រេចដំឡើងមែនទែន អត្រាពន្ធលើផ្ទាំងស្រូបកម្តៅព្រះអាទិត្យ ចិន ក្នុងកម្រិត ៤៧ភាគរយ ដែលជាអត្រាខ្ពស់ បើប្រៀបធៀបនឹងបច្ចុប្បន្ន ដែលមានតិចជាង ១១,៨ភាគរយ៕ដោយ ឈាង បុប្ផា (RFI)